អាជ្ញាធរខេត្តមណ្ឌលគិរីពង្រឹងការគ្រប់គ្រងសេវាកម្មទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវឱ្យបានកាន់តែច្រើន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

ភ្នំពេញ៖ អាជ្ញាធរខេត្តមណ្ឌលគិរីពង្រឹងវិធានការគ្រប់គ្រងសេវាកម្មទេសចរណ៍នានាឲ្យកាន់តែល្អប្រសើរបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តមានការកើនឡើង។

លោក ងិន សុវិមាន ប្រធានមន្ទីទេសចរណ៍ខេត្តមណ្ឌលគិរី មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា មន្ទីរទេសចរណ៍បានបង្កើនការបណ្តុះបណ្តាល ដល់ម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្តទាំងអស់ លើផ្នែកបដិសណ្ឋារកិច្ចជូនដល់ភ្ញៀវទាំងកន្លែងស្នាក់នៅ និងកន្លែងកម្សាន្ត ក៏ដូចការផ្តល់សេវាម្ហូបអាហារមានអនាម័យ និងតម្លៃសមរម្យ ដើម្បីបំពេញចិត្តភ្ញៀវឲ្យមកលេងកម្សាន្តម្តងហើយចង់មកម្តងទៀត។

លោកបានបន្តថា នៅពេលលដែលកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកាន់ខេត្តមណ្ឌលគិរីកាន់តែច្រើន នឹងជួយឲ្យប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបន្ថែមពីវិស័យទេសចរណ៍ ដើម្បីជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង។

សំលេង៖ មន្ទីរទេសចរណ៍ខេត្ត តែងតែខិតខំពង្រឹងសេវាកម្មទេសចរណ៍ដែលមានស្រាប់ ដូចជាផ្នែកភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ទៅលើប្រតិបត្តិករទេសចរណ៍ទាំងអស់ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគាត់ ធ្វើយ៉ាងណាឱ្យបម្រើសេវាកម្មឲ្យបានល្អ និងខិតខំជំរុញឲ្យប្រតិបត្តិករទេសចរធ្វើការអភិវឌ្ឍទីតាំងអាជីវកម្មរបស់ពួកគាត់ ឲ្យទៅតាមស្តង់ដាររបស់ក្រសួងដែលបានដាក់ចេញ ដូចជាស្តង់ដារម្មណីយដ្ឋានស្អាត សណ្ឋាគារ បដិសណ្ឋារកិច្ច សេវាកម្មទេសចរណ៍។ ហើយនិងការប្រើប្រាស់ធនធានមនុស្សពាក់ព័ន្ធនឹងវិស័យទេសចរណ៍ យើងតែងតែបណ្ដុះបណ្ដាលជារៀងរាល់ឆ្នាំ នឹងខិតខំបង្កើតព្រឹត្តិការណ៍ឲ្យបានច្រើននៅក្នុងខេត្តដែលយើងបានរៀបចំកន្លងមក មានដូចជាព្រឹត្តិការណ៍ប្រណាំងកង់ និងព្រឹត្តិការណ៍ រម្យនាហ្វេសស្ទីវ៉លគឺជាព្រឹត្តិការណ៍មួយដែលយើងខិតខំដែលយើងតែងតែបង្កើតឲ្យមានព្រឹត្តិការណ៍ថ្មីប្លែកៗដើម្បី ទាក់ទាញភ្ញៀវទេសចរមកក្នុងខេត្តឲ្យកាន់តែច្រើន។

សូមបញ្ជាក់ថា តំបន់រម្មណីយដ្ឋានទេសចរណ៍នៅខេត្តមណ្ឌលគិរីដែលភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលចិត្តទៅកម្សាន្តច្រើនជាងគេមានដូចជា៖ ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ សមុទ្រឈើ តំបន់ភូមិជនជាតិភាគតិច និងតំបន់ភ្នំណាមលៀរ ដោយសារតែទីនោះមានទេសភាពគួរឲ្យទាក់ទាញសំបូរទៅដោយធនធានធម្មជាតិ និងព្រៃឈើធំៗ៕