ឆ្នាំ២០២៣ខាងមុខទូទាំងរាជធានីភ្នំពេញនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ

វិទ្យុជាតិកម្ពុជា៖ លោកសេង ផាន់ណា

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានអៈអាងថានៅឆ្នាំ២០២៣ខាងមុខនេះទូទាំងរាជធានីភ្នំពេញនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ដើម្បីឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវការរបស់​ប្រជាពលរដ្ឋដែលរស់នៅតាមសង្កាត់ជាយក្រុង។

  អភិបាលរងរាជធានីភ្នំពេញបានអៈអាងថា គម្រោងស្ថាបនារោងចក្រផលិតទឹកស្អាតមួយកន្លែងទៀតស្ថិតនៅសង្កាត់បាក់ខែងដែលមានសមត្ថភាពផលិតទឹកស្អាតបានជាង ១៩០សិបពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ នឹងជួយដោះស្រាយតម្រូវការផ្គត់ផ្គត់ទឹកស្អាតជូនប្រជាពលរដ្ឋបានច្រើនដែលរស់នៅតាមសង្កាត់ជាយៗក្រុងទំាងភាគខាងជើងនិងភាគខាងលិចចាប់ពីឆ្នាំ២០២៣ទៅ។

លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានថ្លែងដូច្នេះដោយសារសង្កាត់ជាច្រើននៅក្នុងខណ្ឌព្រែកព្នៅនិងខណ្ឌមួយចំនួនទៀតបានខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ការដោះស្រាយ បញ្ហាខ្វះទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋនេះ រដ្ឋបាលរាជធានីភ្នំពេញមានផែនការ ដោះស្រាយចំពោះមុខផង និងរយៈពេលវែងផង ដើម្បីជួយស្រាលការលំបាករបស់ប្រជាពលរដ្ឋ។

សម្លេង«ទី១ជំហានចំពោះមុខ គឺធ្វើការទិញទឹកពីរដ្ឋាករទឹកមកលក់អោយប្រជាពលរដ្ឋ ដោយប្រើប្រាស់រថយន្តដឹងទឹកចំនួន ១គ្រឿងសម្រាប់ផ្គត់ផ្គងទាំង ៤សង្កាត់ រួមមាន៖ គោករកា ពន្សំាង ពញាពន់និងសង្កាត់សំរោង ក្នុងនោះសង្កាត់ដែលត្រូវបានផ្គត់ផ្គង់ច្រើនជាងគេរហូតដល់៧០ភាគរយ គឺសង្កាត់គោករកា។ទី២ទាក់ទងទៅនឹងផែនការរយៈពេលវែងគឺ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយខណ្ឌព្រែព្នៅរៀបចំគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែងលើផ្ទៃដីទំហំ ១៥ ហិកតា ដែលមានលទ្ធភាពផលិតទឹកស្អាតបាន ១៩០សិបពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយចំណាយថវិការសម្រាប់សាងសង់ប្រមាណ១៨៥លានដុល្លារ។

លោកស្រី ចិន ស្រស់ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បានសារទរ ចំពោះគម្រោងពង្រីកការផ្គត់ផ្គង់ទឹកស្អាតនេះ ថាបានជួយសម្រាលការលំបាកបានច្រើនជូនដល់ ប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នការប្រើប្រាស់ទឹកស្អាតពីវិស័យឯកជនមានតម្លៃថ្លៃ។

សូមបញ្ជាក់ថា គម្រាងសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែងនេះមានរយៈពេល២ឆ្នាំ ហើយចាប់ផ្ដើមដំណើរការសាងសង់នៅខែធ្នូឆ្នាំ២០១៩នេះ ហើយសាងសង់រួចជាស្ថាពរ  នៅឆ្នាំ២០២២៕