ប្រមុខការទូតកម្ពុជា ស្នើរដ្ឋាភិបាលស៊ុយអ៊ែតបន្ដជួយដល់សកម្មភាពដោះមីននៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ

 

វិទ្យុជាតិកម្ពុជា៖ ប្រមុខការទូតកម្ពុជា ស្នើរដ្ឋាភិបាលស៊ុយអ៊ែត បន្ដជួយដល់សកម្មភាពដោះមីននៅកម្ពុជាបន្ថែមទៀត ដើម្បីអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលលុបបំបាត់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមឲ្យអស់នៅក្នុងឆ្នាំ២០២៥។

 

ថ្លែងក្នុងឱកាសទទួលជួបឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតស៊ុយអ៊ែតថ្មីប្រចាំនៅកម្ពុជា នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចង់ឲ្យរដ្ឋាភិបាល​ប្រទេស​ស៊ុយអ៊ែតពិចារណាឡើងវិញ នូវការផ្តល់ជំនួយសម្រាប់សកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌ័មិនផ្ទុះនៅកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះបានផ្អាកការផ្តល់ជំនួយក្នុងរយៈពេលចុងក្រោយនេះ។ នេះបើតាមការឲ្យដឹងរបស់ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅក្រោយជំនួប។

ឯកឧត្តម កុយ គួងបានប្រាប់ឲ្យដឹងទៀតថា ប្រទេសស៊ុយអ៊ែតកន្លងមកបានផ្តល់ជំនួយជាច្រើន ពាក់ព័ន្ធទៅនឹងវិស័យអភិបាលកិច្ច វិស័យអប់រំ វិស័យការងារ វិស័យសិទ្ធិមនុស្ស ការដោះមីន ព្រមទាំងជំនួយដល់សាលាក្តីខ្មែរក្រហម ដែលជំនួយទាំងនេះ បានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដល់ប្រទេសកម្ពុជា។ 

 

សំឡេង៖ «ឯកឧត្តម ប្រាក់ សុខុន បានស្នើដល់ប្រទេសស៊ុយអ៊ែតផងដែលថាឲ្យពិចារណាក្នុងការបន្ដ ជំនួយក្នុងវិស័យដោះមីនេះជាបន្ដទៀត ព្រោះយើងមានផែនការដោះមីនតាំងពីឆ្នាំ២០១៥ ឲ្យស្អាត នូវគ្រាប់មិនផ្ទុះ ក៏ដូចជាមីនផងដែរ ព្រោះកន្លងមក ចាប់តាំងពីឆ្នាំ១៩៩២មក គឺកម្ពុជាបានបោសសម្អាតមីនលើផ្ទៃប្រមាណជា១៨០០ គីឡូម៉ែត្រក្រឡា មានន័យថា ដោះមីនប៉ុណ្ណឹង។ ដូច្នេះហើយផ្ទៃដីដែលមិនទាន់សម្អាតទៀតប្រមាណជា១៥០០ ទៅ ១៨០០ គីឡូម៉ែត្រក្រឡាទៀត។ ដូច្នេះសង្ឃឹមថា ឲ្យរដ្ឋាភិបាលស៊ុតអ៊ែតពិចារណាក្នុងការបន្ដផ្ដល់ជំនួយក្នុងវិស័យនេះ»

 

ឯកឧត្តម ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត បានគាំទ្រចំពោះសំណើរបស់រដ្ឋាភិបាលកម្ពុជា  និងសន្យាយកទៅពិចារណាឡើងវិញ។ ឯកឧត្តម បានបញ្ជាក់ជំហរថា នឹងធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិរវាងប្រទេសស៊ុយអ៊ែត និងកម្ពុជា កាន់តែមានភាពស៊ីជម្រៅ និងមានភាពស្អិតរមួតជាមួយគ្នាបន្ថែមទៀត។ ឯកឧត្តម បន្ថែមទៀតថា រដ្ឋាភិបាលស៊ុយអ៊ែតពេញចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមជួយដល់ការរក្សាសុខសន្ដិភាព សុវត្ថិភាពនៅលើពិភលោក តាមរយៈការបញ្ជូនទាហ៊ានមួកខៀវ ដែលស្ថិតក្រោមឆ័ត្ររបស់អង្គការសហប្រជាតិ៕