ក្រសួងការងារត្រៀមធ្វើម្ចាស់ផ្ទះសន្និសីទអាស៊ីប៉ាស៊ីហ្វិកស្ដីពីឌីជីថលនីយកម្មក្នុងសេវាការងារសាធារណៈនៅដើមខែធ្នូនេះ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៩៖

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអាស៊ីប៉ាស៊ីហ្វិកស្ដីពីឌីជីថលនីយកម្មក្នុងសេវាការងារសាធារណៈនៅដើមខែធ្នូនេះ ក្នុងគោលបំណងបង្កើតជាវេទិកាសម្រាប់ ដកស្រង់បទពិសោធន៍ ពង្រីកចំណេះដឹងនិងផ្ដល់ការគាំទ្រដល់រដ្ឋសមាជិកក្នុងការបង្កើតជំនាញថ្មីៗ នឹងការផ្ដល់សេវាការងារសាធារណៈតាមប្រព័ន្ធឌីជីថល ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលវិទ្យុជាតិកម្ពុជាទទួលបានឲ្យដឹងថា សន្និសីទអាស៊ីប៉ាស៊ីហ្វិកស្ដីពីឌីជីថលនីយកម្មក្នុងសេវាការងារសាធារណៈនេះ មានរយៈពេល២ថ្ងៃ ដែលចាប់ផ្តើមពី ថ្ងៃទី០២ដល់០៣ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលអង្គរ ភូគីត្រា ខេត្តសៀមរាប ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ការរៀបចំសន្និសីទនេះឡើងគឺស្របតាមនយោបាយចក្ខុវិស័យក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ បានរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យការងារដែលបានមានចែកក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤រួមមាន៖ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្ដីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិស្ដីពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំ២០១៥-២០២៥ ។ គោលនយោបាយទំាងនេះត្រូវបានរួមបញ្ចូលគ្នានូវដំណោះស្រាយគ្រប់ជ្រង់ជ្រោយ សំដៅជំរុញការអភិវឌ្ឍធនធានមនុស្ស ពង្រឹងភាពប្រកួតប្រជែងនិងធ្វើពីពិធម្មកម្ម សម្រាប់សេដ្ឋកិច្ចឌីជីថលដើម្បីបន្តធានាបានកំណើនខ្ពស់បង្កើតការងារកាន់តែប្រសើរនិងកិច្ចគាំពារសង្គមនិងបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាព និងបរិយាប័ន្ននិងឈានទៅសម្រេចបានក្នុងការកែរប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
ប្រភពបន្តថា សន្និសីទអាស៊ីប៉ាស៊ីហ្វិកនេះ និងចែករំលែកចំណេះដឹងបទពិសោធន៍និងការអនុវត្តការងារក្នុងការផ្ដល់សេវាការងារសាធារណៈ ក្នុងចំណោមរដ្ឋសមាជិកដែលមានការអភិវឌ្ឍផ្នែកការផ្ដល់សេវាការងារតាមប្រព័ន្ធឌីជីថល ដើម្បីស្រូបយកបច្ចេកវិទ្យាឌីជីថលក្នុងការផ្ដល់សេវាការងាររបស់រដ្ឋសមាជិកថ្មីៗដូចជាប្រទេសកម្ពុជាជាដើម ៕
សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលជាសមាជិករបស់សន្និសីទអាស៊ីប៉ាស៊ីហ្វិកស្ដីពីឌីជីថលនីយកម្មកាលពីឆ្នាំ២០១៣ ក្នុងចំណោមសមាជិកចំនួន១២ប្រទេសនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយត្រូវបានជ្រើសរើស ក្នុងការរៀបចំសន្និសីទអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩នេះ ដោយបានចួលរួមសហការជាមួយលេខាធិការដ្ឋានប្រតិបត្តិការរបស់WAPES និងសាធារណរដ្ឋកូរ៉េដែលជាអនុប្រធាន៕