លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន ចាត់ទុកចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រភពវិនិយោគធំជាងគេ របស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩  លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច បានចាត់ទុក ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់ និងជាប្រភពវិនិយោគធំជាងគេរបស់កម្ពុជាក្នុងឆ្នាំ២០១៩នេះ។ ទន្ទឹមនេះ ក្នុងឆ្នាំ ២០១៩នេះក៏ជាឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ដែលព្រះរាជាណាចក្រកម្ពុជា និង​សាធារណរដ្ឋប្រជាមានិតចិនបាន និងកំពុងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យ​វប្បធម៌ និងទេសចរណ៍។ ការលើកឡើងរបស់លោកជំទាវឧបនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីសន្និសីទ​សេដ្ឋកិច្ចប្រចាំឆ្នាំ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក(TIANX IACHA OSHAN Economic Confer ence) ដែលបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ កាលពី​រាត្រី​ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ក្រោមការដឹកនាំ​របស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ននេះ កម្ពុជាទទួលបាននូវស្ថិរភាព សន្ដិសុខ និងសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ បាន​និងកំពុងតែមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកជំទាវឧបនាយករដ្ឋមន្រ្ដីបានបន្ដថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យម​ប្រមាណ​៧ភាគរយ ដែលនាំឱ្យចំណូលរបស់ប្រជាជនទូទាំងប្រទេសមានការកើនឡើង និងមានជីវភាព​រស់នៅកាន់តែប្រសើរ។

លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា បានឱ្យដឹងថា សមាគមសម្ព័ន្ធខ្មែរ-ចិន បានដំណើរការតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១១ ដែលជាវេទិកាលំដាប់ អន្តរជាតិដ៏ធំមួយ សម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគរបស់ពាណិជ្ជករចិនទាជីវ និងទទួល បានការគាំទ្រយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ននានាក្នុងបណ្តាប្រទេស​នៅលើ​សកលោក។ លោកឧកញ៉ាបានបន្ដថា តាមរយៈការប្រារព្ធវេទិកាសន្ទរនា កិច្ចប្រជុំតុមូល កម្មវិធីសប្បុរសធម៌ កន្លងមកបានទាក់ទាញពាណិជ្ជករចិន និងមកពីបណ្តាប្រទេសក្នុង​ពិភព​លោក ពី៣០០-៥០០នាក់ចូលរូម។ លោកឧកញ៉ាបន្ដទៀតថា នេះក៏ជាវេទិការសម្រាប់​ពាណិជ្ជករ​ចិនទាជីវ និងពាណិជ្ជករក្នុងតំបន់ធ្វើការប្រាស្រ័យទាក់ទង ផ្លាស់ប្តូរយោបល់ និងឈានទៅដល់កិច្ចសហការលើវិស័យពាណិជ្ជកម្ម។ ជាមួយគ្នានេះ មកដល់បច្ចុប្បន្ន​សន្និ​សីទ​សេដ្ឋកិច្ចប្រចាំឆ្នាំ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលបានប្រារព្ធ ៤អាណត្តិមកហើយ ដែលក្នុងឆ្នាំ២០១៩នេះ នឹងធ្វើក្រោមប្រធានបទ “រួបរូមជំរុញគម្រោងខ្សែក្រវាត់មួយ និងផ្លូវ​មួយ នៅរាជធានីភ្នំពេញ៕

ដោយ សួស សំរិត