កូរ៉េខាងត្បូងផ្អាករោងចក្រធ្យូងថ្មជាច្រើនកន្លែង ដើម្បីទប់ទល់ការបំពុលបរិយាកាស

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ប្រទេសកូរ៉េខាងត្បូង បានសម្រេចផ្អាកសកម្មភាព រោងចក្រផលិតថាមពលពីធ្យូងថ្មប្រមាណ ២៥% នៅទូទាំងប្រទេសដើម្បីកាត់បន្ថយការបំពុលបរិយាកាស។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
រដ្ឋាភិបាលទីក្រុងសេអ៊ូលបានបញ្ជាក់ថា ការផ្អាកដំណើរការរោងចក្រធ្យូងថ្មប្រមាណ ២៥% នៅក្នុងរយៈពេល ០៣ខែខាងមុខចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ចុងខែចុងខែកុម្ភៈ ឆ្នាំ២០២០ គឺដើម្បីឆ្លើយតបទៅនឹងការបំពុលបរិយាកាសដែលជាក្តីកង្វល់ធំមួយ ពីសំណាក់ប្រជាជនកូរ៉េខាងត្បូង និងពិភពលោកទាំងមូល។គេមើលឃើញថាការ
សម្រេចចិត្តផ្អាករោងចក្រផលិតថាមពលពីចំហេះធ្យូងថ្មរបស់កូរ៉េខាងត្បូងនៅពេលនេះ គឺមិនបង្កការប៉ះពាល់ខ្លាំងដល់ការផ្គង់ផ្គង់អគ្គិសនីក្នុងប្រទេសនោះទេ ដោយសារកូរ៉េខាងត្បូងកំពុងឈានចូលដល់រដូវរងារខ្លាំង ដូច្នេះតម្រូវការថាមពលអគ្គិសនីនឹងមិនមានតម្រូវការខ្ពស់ឡើយ។
សូមបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសដែលមានឧស្សាហកម្មរីកចំរើនខ្លាំងលំដាប់ទី ១១ លើពិភពលោកទោះបីជាប្រទេសនេះមិនសូវសម្បូរធនធានធម្មជាតិក៏ដោយ ប៉ុន្តែនៅតែអាចដំណើរការរោងចក្រធ្យូងថ្មប្រមាណ ៦០ទីតាំង ដែលអាចផ្គត់ផ្គង់ថាមពលអគ្គិសនីប្រមាណ ៤០% នៅទូទាំងប្រទេស។ការប្រែប្រួលបរិយាកាសផែនដីគឺជាប្រធានបទក្តៅគ្រប់ទីកន្លែង សម្រាប់ប្រទេសទាំងអស់លើពិភពលោក ជាពិសេសបណ្តាប្រទេសដែលមានឧស្សាហកម្មរីកចំរើនខ្លាំង៕
ប្រភព៖ សារព័ត៌មាន Channel News Aisa