រដ្ឋបាលខេត្តកំពតត្រៀមកំលាំងយុវជនជាច្រើននាក់ចូលរួមសំអាតបរិស្ថានក្នុងពិធី បុណ្យសមុទ្រខាងមុខនេះ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៩.១១.១៩ ៖

រដ្ឋបាលខេត្តកំពតត្រៀមកំលាំងយុវជនជាច្រើននាក់ដើម្បីចូលរួមសំអាតបរិស្ថានក្នុងពិធី
បុណ្យសមុទ្រខាងមុខនេះ ក្នុងគោលដៅបំផុសស្មារតីឲ្យប្រជាពលរដ្ឋមានការយល់ដឹងបន្ថែម ពីការថែរក្សាអនាម័យបរិស្ថាន និងធានាឲ្យបរិវេណកន្លែងប្រារព្ធពិធីនៅតែរក្សាបានភាពស្អាត ជាប់ជាប្រចាំ។

លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តកំពត បាននឹងកំពុងបន្តសកម្មភាពធ្វើអនាម័យបរិស្ថាន នៅតាមទីតាំងសំខាន់ៗ ដូចជា បរិវេណពហុកីឡដ្ឋានខេត្ត រង្វង់មូលរូបធូរ៉េន តំបន់ឆ្នេរ សួនច្បារសាធារណៈ តាមបណ្តោយមាត់ព្រែក ដោយឈរនៅលើគោលការណ៍ស្អាត ៣យ៉ាង រួមមាន ដីស្អាត ទឹកស្អាត និង ខ្យល់ស្អាត ។
លោកបានបន្តថា ក្រុមការងារបានត្រៀមកម្លាំងយុវជនចល័តប្រមាណជាង ២០០ នាក់ សម្រាប់ការធ្វើប្រតិបត្តិការប្រមូលសំរាម និងកាកសំណល់ផ្សេងៗនៅទូទាំងក្រុងកំពតនា ថ្ងៃបុណ្យសមុទ្រខាងមុខនេះ ដើម្បីបន្តអោយពិធីបុណ្យនេះរក្សាបានភាពស្អាត និងមានអនាម័យ បរិស្ថានល្អ ដើម្បីទាក់ភ្ញៀវទេសចរមកលេងម្តងហើយចង់មកលេងម្តងទៀត។
នៅពេលបុណ្យសមុទ្រនោះយើងមាន កំលាំងមហាជនដែលជាកំលាំងយុវជនធ្វើការសំអាតដោយយើងមានយុវជនកាយរិទ្ធ យុវជន.ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនស្រលាញ់សន្តិភាព ដើម្បីធ្វើអនាម័យព្រមៗគ្នា សំអាត ប្រមូលសំរាមនៅតាមដងផ្លូវនៅពេលថ្ងៃ ពេលនេះគឺជាចលនាមួយ បង្ហាញថាយើងយកចិត្តទុកដាក់ចំនុចស្អាត និងជាសារទៅសាធារណៈជនទូទៅថាចូលរួមសំអាតទាំងអស់គ្នា ។
លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានអំពាវនាវដល់មហាជន ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពតផ្ទាល់ សូមចូលរួម សំអាត លំនៅដ្ឋាន រៀបចំតុបតែងឲ្យមានសោភណ័ភាពស្អាតល្អ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកទស្សនាខេត្តកំពត និងជាផ្នែកមួយក្នុងការរកចំណូល ។
សូមបញ្ជាក់ថា ភ្ញៀវទេសចរដែលអញ្ជើញមកលេងកំសាន្តក្នុងពិធីបុណ្យសមុទ្រនាពេលខាងមុននេះ សូមចូលរួមក្នុងការវិចខ្ចប់ ទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវ ហើយចូលរួមអនុវត្តនៅសារបរិស្ថានរួមមួយថា « បរិស្ថានល្អចាប់ផ្តើមពីអ្នក »៕