លោក មូន និងលោក ម៉ាហាធៀរ ព្រមព្រៀងគ្នាលើភាពជា ដៃគូយុទ្ធសាស្រ្តរវាងកូរ៉េខាងត្បូង និងម៉ាឡេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ — កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចាអ៊ីន (Moon Jae-in) និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ម៉ាហាធៀរ ម៉ូហាម៉ាត (Mahathir Mohamad) បានព្រមព្រៀងគ្នាបង្កើនទំនាក់ទំនងរវាងប្រទេសរបស់ពួកគេនៅក្នុង «ភាពជាដៃគូយុទ្ធសាស្ត្រ» នៅឆ្នាំក្រោយ ដោយបានកត់សម្គាល់ថា ទំនាក់ទំនងទ្វេភាគីបានស៊ីជម្រៅនៅក្នុងវិស័យផ្សេងៗ ដូចជាវិស័យឧស្សាហកម្ម ថាមពល គម្រោងអាវុធ ថែទាំសុខភាព និងបរិស្ថានជាដើម។

លោក មូន បាននិយាយប្រាប់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីនៅពេលចាប់ផ្តើមកិច្ចពិភាក្សា Cheong Wa Dae របស់ពួកគេនៅទីក្រុងសេអ៊ូល ដែលអ្នកសារព័ត៌មានត្រូវបានអនុញ្ញាតឱ្យយកព័ត៌មានថា «គោលនយោបាយឆ្ពោះទៅមុខរបស់ប្រទេសម៉ាឡេស៊ី និងគោលនយោបាយភាគខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង បានបំពេញឱ្យគ្នាប្រកបដោយភាពសុខដុម»។

លោក មូន បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងមានការរីកចម្រើនដូច ដែលបានបង្ហាញក្នុងការឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤ ទីក្រុងឆ្លាតវៃ និងឧស្សាហកម្មហាឡាល់។

លោកបានសម្តែងក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃភាពជាដៃគូនៅក្នុងវិស័យជាក់លាក់ ដូចជាវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧស្សាហកម្មការពារជាតិ ការថែទាំសុខភាព និងសហគ្រាសធុនតូច និងមធ្យមជាដើម។

លោកប្រធានាធិបតីបានកោតសរសើរចំពោះលោក ម៉ាហាធៀរ ដែលបានដឹកនាំប្រទេសម៉ាឡេស៊ីឱ្យមានការរីកចម្រើនប្រកបដោយភាពច្នៃប្រឌិត ជាមួយនឹងការស្វែងយល់អំពីអនាគត និងវិធីសាស្ត្រយុទ្ធសាស្រ្ត ដោយលោកបាននិយាយថា «អាស៊ីគោរពអ្នកក្នុងនាមជាមនុស្សដែលមានប្រាជ្ញារបស់អាស៊ាន» ។ លោក មូន ក៏បានស្នើសុំឱ្យគាត់ចែករំលែកប្រាជ្ញារបស់គាត់ទៅលើបញ្ហាសន្តិភាពនៅឧបទ្វីបកូរ៉េផងដែរ។

ជាការឆ្លើយតប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ម៉ាហាធៀរ បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់លោកចំពោះគំនិតផ្តួចផ្តើមរបស់ក្រុងសេអ៊ូលក្នុងការប្រែក្លាយតំបន់គ្មានយោធា (DMZ) ដែលរារាំងកូរ៉េទៅជាតំបន់សន្តិភាពអន្តរជាតិ។

លោកបានស្វាគមន៍ចំពោះគោលនយោបាយភាគខាងត្បូងថ្មីនៃរដ្ឋបាលរបស់លោក មូន ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់កូរ៉េខាងត្បូងជាមួយអាស៊ាន និងឥណ្ឌា ឱ្យមានកម្រិតស្មើនឹងទំនាក់ទំនងរបស់ខ្លួនជាមួយមហាអំណាចក្នុងតំបន់ទាំងបួន គឺសហរដ្ឋអាមេរិក ចិន ជប៉ុន និងរុស្ស៊ី។

លោក ម៉ាហាធៀរ បាននិយាយថា «ប្រទេសកូរ៉េខាងត្បូង និងអាស៊ាន នឹងកាន់តែជិតស្និទ្ធដោយសារគោលនយោបាយភាគខាងត្បូងថ្មី។ បណ្តាប្រទេសអាស៊ានចង់រៀនសូត្រជាច្រើនអំពីបទពិសោធន៍របស់កូរ៉េខាងត្បូងអំពីការរីកចម្រើនយ៉ាងឆាប់រហ័សនេះ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)