កិច្ចប្រជុំ(AIMF) លើកទី៣៩នៅរាជធានីភ្នំពេញនឹងផ្តោតសំខាន់លើកិច្ចពិភាក្សាការស្ថាបនាទីក្រុងអោយកាន់តែមានភាពធន់

វិទ្យុជាតិកម្ពុជា: ហុក សុខរិន ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩៖

 មហាសន្និបាតសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ នឹងផ្តោតសំខាន់លើកិច្ចពិភាក្សាការស្ថាបនាទីក្រុងអោយកាន់តែមានភាពធន់ និងការអភិវឌ្ឍទីក្រុងជាលក្ខណៈស្មាតសីធី ដើម្បីធានាឲ្យប្រជាពលរដ្ឋរស់នៅដោយផាសុខភាព។
អភិបាលរងរាជធានីភ្នំពេញបានអៈអាងថា មហាសន្និបាតសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារំាងដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៣និងថ្ងៃទី៤ ខែធ្នូនេះបានសម្រេចលើការពិភាក្សាការអភិវឌ្ឍទីក្រុង និងការរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាប្រធានបទ ដ៏សំខាន់បំផុតគ្រប់ទីក្រុងទំាងអស់ចង់បាន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ លោក នួន ផារ័ត្ន អភិបាល រងរាជធានីភ្នំពេញបានឲ្យដឹងថា កិច្ចពិភាក្សានេះនឹងផ្តោតសំខាន់លើការចែករំលែកបទ ពិសោធន៍ការអភិវឌ្ឍន៍ទីក្រុងដ៏ទៃៗទៀតទៅវិញទៀតមក ខណៈរាជធានីនឹងបង្ហាញពី បទសោធន៍ការអភិវឌ្ឍទីក្រុងបានយ៉ាងល្អស្រស់ឆើតឆាយ ចេញពីបាតដៃទទេក្រោយភ្នក់ភ្លើង សង្គ្រាម។
សម្លេង«ការចែករំលែកដ៏សំខាន់បំផុតរបស់រដ្ឋបាលរាជធានីភ្នំពេញយើង គឺជាបទពិសោធន៍ ផ្ទាល់របស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាទីក្រុងភ្នំពេញទំាងមូលដែលឆ្លងកាត់នូវដំណាក់ កាលខ្ទិចខ្ទាំ រហូតក្លាយជាទីក្រុងដែលមានការអភិវឌ្ឍមកដល់បច្ចុប្បន្ន ដែលអគ្គលេខាធិការអចិន្ត្រៃសមាគមបានប្រើពាក់ថា ភ្នំពេញគួរតែចែករំលែកទៅកាន់ទីក្រុងដ៏ទៃទៀត នូវអ្វីដែលហៅ ថា ទីក្រុងអាភិនីហា នូវអ្វីដែលរាជធានីភ្នំពេញសម្រេចបាន ពីទីក្រុងដែលខ្ទិចខ្ទាំដោយសារ សង្គ្រាមមកជាទីក្រុងដែលមានការអភិវឌ្ឍរីកចំរើន»។
លោកបានបញ្ជាក់ថា ការរៀបចំមហាសន្និបាតនេះគឺជាមោទនភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិដែលមានលទ្ធភាពទទួលស្វាគមន៍គណៈប្រតិភូជាច្រើនប្រទេសមកប្រជុំនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ហើយបានបង្ហាញពីកក្តាសុខសន្តិភាពពេញបរិបូរណ៍ទៅដល់អន្តរជាតិ ផងដែរ។លោកបន្តថា កិច្ចការងារនេះរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំខ្លួនរួចជាស្រេចហើយដើម្បីទទួលស្វាគមន៍និងរៀបចំសន្តិសុខការពារក្រុមគណប្រតិភូ ដើម្បីឲ្យចូលរួមក្នុងកិច្ចប្រជុំនេះឲ្យបានប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។
សូមបញ្ជាក់ថា មហាសន្និបាត សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញដោយ នឹងមានវត្តមានចូលរួមពីអភិបាលក្រុងដែលប្រើប្រាស់ភាសាបារាំង មកពីបណ្តាប្រទេសនានានៅលើពិភពលោក សរុបចំនួន៤១ ប្រទេស ដើម្បីជួបជុំគ្នាពិភាក្សា អំពីទីក្រុងដែលមានភាពធន់ ”ការគិតគូរអំពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ“ ៕