Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

អ្នកអភិរក្សស្នើអ្នកសារព័ត៌មានជួយសរសេរអត្ថបទព័ត៌មានដែលឈានទៅទប់ស្កាត់ការជួញដូរសត្វព្រៃ

Published

on

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី

ភ្នំពេញ៖ អ្នកអភិរក្សស្នើអ្នកសារព័ត៌មានជួយសរសេរអត្ថបទព័ត៌មាន ដែលឈានទៅទប់ស្កាត់ការជួញដូរសត្វព្រៃ សំដៅចូលរួមរក្សា និងអភិរក្សដល់ធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។

លោក លាក់ រតនា មន្ត្រីកិច្ចការទំនាក់ទំនងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា មានប្រសាសន៍ថា តួនាទីរបស់អ្នកសារព័ត៌មាន ដើម្បីឆ្លើយតបទៅនឹង​ការបំផ្លាញ​សត្វព្រៃ និងការលក់ផលិតផលសត្វព្រៃមានដូចជា ភ្លុកដំរី កុយរមាស និងស្រកាពង្រួល ជាដើមនេះ។
ថ្លែងក្នុងសិក្ខាសាលាស្តីពី«ការស្វែងរកព័ត៌មានដោយអ្នកសារព័ត៌មានទាក់ទងការជួញដូរសត្វព្រៃ» ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកានេះ លោកបានបង្ហាញដល់អ្នកសារព័ត៌មានពីស្ថានភាពទូទៅនៃការជួញដូរសត្វព្រៃ រួមទាំងវិធានការច្បាប់នានាពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃ បទពិសោធន៍របស់ភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងការជួញដូរ និងការស៊ើបអង្កេតការជួញដូរសត្វព្រៃនៅកម្ពុជា។ លោកលើកឡើងថា ប្រទេសកម្ពុជាជាទីកន្លែងឆ្លងកាត់ដ៏សំខាន់សម្រាប់ការជួញដូរផលិតផលសត្វព្រៃមកពីទ្វីបអាហ្វ្រិក មុនឈានចូលទៅក្នុងទីផ្សារជាច្រើននៅក្នុងតំបន់អាស៊ី ខណៈនៅកម្ពុជាខ្លួនឯង ក៏មានការជួញដូរសត្វព្រៃខុសច្បាប់ក្នុងប្រទេសជាច្រើនផងដែរ។ លោកស្នើឲ្យមានការចូលរួមទប់ស្កាត់គ្រប់រូបភាព។

លោក ពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា លើកទឹកចិត្តដល់អ្នកសារព័ត៌មានវិជ្ជាជីវៈរួមគ្នាផ្សព្វផ្សាយព័ត៌មានពីការជួញដូរសត្វព្រៃ ដែលបាននឹងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ពពួកសត្វជិតផុតពូជនៅលើពិភពលោក ខណៈរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល បាននឹងកំពុងធ្វើការរួមគ្នាលើការពង្រឹងការអនុវត្តច្បាប់ និងចំណាត់ការលើការជួញដូរសត្វព្រៃ។

ដូចគ្នានេះ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានជំរុញដល់អ្នកសារព័ត៌មានឲ្យបង្កើនការចាប់អារម្មណ៍ និងបង្កើនការផ្សព្វផ្សាយអំពីបញ្ហានានាជុំវិញការបរបាញ់និងការជួញដូរសត្វព្រៃខុសច្បាប់ឲ្យបានស៊ីជម្រៅ សំដៅឆ្លើយតបទៅនឹងបទល្មើសទាំងនេះ ក៏ដូចជាបង្កើនការយល់ដឹងរបស់សាធារណជនឲ្យបានកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃ ខណៈការជួញដូរ បានបំផ្លាញសត្វព្រៃ និងបរិស្ថាននៅកម្ពុជាធ្ងន់ធ្ងរ។

កាលពីកន្លងទៅនេះ ក្រសួងបរិស្ថានបានចេញលិខិតជូនដំណឹងទៅម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍នៅទូទាំងប្រទេសកម្ពុជាដែលសង្ស័យថា អាចមានការ​លក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃ ត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះខុសនឹងច្បាប់ព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

បម្រាមនេះបន្ទាប់ពីក្រសួងបរិស្ថាន សង្កេតឃើញម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍មួយចំនួននៅក្នុងខេត្តសៀមរាប ព្រះសីហនុ រាជធានីភ្នំពេញ និង​បណ្តាខេត្តមួយ​ចំនួនទៀត ធ្វើពាណិជ្ជកម្មដូចជាការលក់នាំចូល និងនាំចេញនូវទំនិញដូចជា ភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេង​ទៀតពាក់ព័ន្ធនឹងសត្វព្រៃ៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន