កម្ពុជា-កូរ៉េសហការគ្នាពន្លឿនការតាក់តែសេចក្តីព្រាងច្បាប់ស្ដីពីសុខភាព និងសុវត្ថិភាពការងារកម្មករនៅកម្ពុជា

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

ភ្នំពេញ៖កម្ពុជា-កូរ៉េសហការគ្នាពន្លឿនការតាក់តែសេចក្តីព្រាងច្បាប់ស្ដីពីសុខភាព និងសុវត្ថិភាពការងារកម្មករនៅកម្ពុជា ដើម្បធានាបានឧត្តមប្រយោជន៍និងសុខុមាភាពរបស់កម្មករនិជិតនៅកន្លែងការងារ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានសម្រេចពង្រីកកិច្ចសហការជាមួយភាគីកូរ៉េ ដើម្បីពន្លឿនការតាក់តែសេចក្តីព្រាងច្បាប់ស្ដីពីសុខភាព និងសុវត្ថិភាពការងារកម្មករឱ្យបានឆាប់ចប់នៅឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលបច្ចុប្បន្ននេះកម្ពុជាមានតែច្បាប់ការងារ និងសារាចរណ៍ការងារតែមិនទាន់មានច្បាប់ស្ដីពីសុខភាព និងសុវត្ថិភាពការងារនៅឡើយនោះទេ ។

គម្រោងពន្លឿនការកសាងសេចក្តីព្រាងច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពការងារកម្មករ នៅកម្ពុជានេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តម អ៊ិត សំហេងរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយនឹងលោកស្រី Heaeun CHOI អនុប្រធាននាយកដ្ឋានអភិវឌ្ឍកិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋកូរ៉េ ដែលបានដឹកនាំប្រតិភូពីសាធារណរដ្ឋកូរ៉េមកទស្សនកិច្ចនៅកម្ពុជា ដើម្បីប្រមូលព័ត៌មានស្តីពីសុវត្ថិភាព និងសុខភាពការងារ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រោយបញ្ចប់ជំនួប លោកឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈបានឲ្យដឹងថា ការពន្លឿនកសាងសេចក្តីព្រាងច្បាប់ស្ដីពីសុខភាព និងសុវត្ថិភាពការងារកម្មករនេះ ដើម្បីលើកកម្ពស់ការការពារសុខភាព និងសុវត្ថិភាពការងារកម្មករនៅកន្លែងការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាការឆ្លើយតបលោកស្រី Heaeun CHOI អនុប្រធាននាយកដ្ឋានអភិវឌ្ឍកិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ភាគីកូរ៉េកំពុងតែរៀបចំច្បាប់គតិយុទ្ធមួយចំនួន និងចុះសិក្សាស្រាវជ្រាវនៅស្ថានភាពជាក់ស្ដែងគ្រប់រោងចក្រ សហគ្រាស ដើម្បីធានាថា ក្រោយពីច្បាប់នេះដាក់អនុវត្ដគឺទទួលការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ និងផ្ដល់ផលប្រយោជន៍ដល់កម្មករនិយោជិតកាន់តែមានប្រសិទ្ធភាពខ្ពស់។
តែទោះបីជាយ៉ាងណា ភាគីកូរ៉េ នឹងខិតខំពន្លឿនការកសាងសេចក្តីព្រាងច្បាប់នេះឲ្យបានឆាប់ចប់នៅក្នុងឆ្នាំ២០២៣ខាងមុខ តបតាមការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា៕