ឆ្នាំ២០១៩នេះនេះរាជធានីភ្នំពេញសម្រេចបានជោគជ័យក្នុងការបំបែកសំបុកគ្រឿងញៀនធំៗ នៅតាមក្លឹបកម្សាន្ត

វិទ្យុជាតិកម្ពុជា៖ ហុក សុខរិន ថៃ្ងទី ២៨ វិច្ឆិកា ឆ្នាំ ២០១៩៖

  រដ្ឋបាលរាជធានីភ្នំពេញបានអៈអាងថានៅឆ្នាំ២០១៩នេះ រាជធានីភ្នំពេញសម្រេចបានជោគជ័យក្នុងការបំបែកសំបុកគ្រឿងញៀនធំៗ នៅតាមក្លឹបកម្សាន្តប៉ា ដែលធានាបានសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម។

  អភិបាលរងរាជធានីភ្នំពេញបានអៈអាងថា ឆ្នាំ២០១៩នេះរដ្ឋបាលរាជធានីភ្នំពេញបាន បំបែកសំបុកជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនធំៗចំនួន៣កន្លែងនៅតាមក្លឹបកម្សាន្ត ដូចជា នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកចាប់បានគ្រឿងញៀនជាង៥០គីឡូក្រាម  ក្លឹបកម្សាន្តម៉ីអាមី ចំនួនជាង១០គីឡូក្រាម និងក្លឹបកម្សាន្តលុច្សហ្សើរីបានជាច្រើនគីឡូទៀត ដែលនេះគឺជាភាព ជោគជ័យរបស់សមត្ថកិច្ចក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្លឹបកម្សាន្ត ឲ្យស្របតាមផែនការរបស់រាជរដ្ឋាភិបាល។  

ថ្លែងក្នុងវេទិកាសាធារណៈនៅក្នុងខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានអៈអាងថា ក្រុមសមត្ថកិច្ចពាក់ព័ន្ធកំពុង ចាត់វិធានការបង្រ្កាប់និងបំបែកសំបុកគ្រឿងញៀននៅតាមបណ្តាខណ្ឌនានានៅជាយក្រុង ព្រមទំាងរកមេឃ្លោងធំៗនៅពីក្រោយ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ដែលធានាសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម។

ការបង្ហាញផែនការបោសសំអាតបញ្ហាគ្រឿងញៀនអោយអស់នៅរាជធានីភ្នំពេញនេះ គឺឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋចង់អោយអាជ្ញាធរលុបបំបាត់បញ្ហាគ្រឿងញៀន ឲ្យអស់ទំាងស្រុងនៅតាមមូលដ្ឋាន ពិសេសការចាប់មេឃ្លោងធំៗដែលបញ្ជាពីក្រោយឲ្យបាន។

«ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញយើងពិតជាមិនព្រងើយកន្តើយនឹងបញ្ហាគ្រឿងញៀន នេះទេ យើងពិតជាមិនចង់បក់ផ្សែងទេ បញ្ហាគ្រឿងញៀនគោលដៅដឹកនាំរបស់សម្តេចក្រឡា ហោមគឺយើងចង់ពន្លត់ភ្លើង ពន្លត់ភ្លើងគឺយើងរកអ្នកជួញដូរធំ អ្នកដែកនាំចូលធំ គឺយើងធ្វើបាន ជោគជ័យច្រើនហើយ។ ប៉ុន្តែបញ្ហាគ្រឿងញៀននេះអ្នកគ្រឿងញៀនវាឆ្លាតមិនចាញ់បូលីសអ្នក បង្ក្រាបប៉ុន្មានទេ គឺនៅទីភ្លឺយើងនៅទីងងឹត ចឹងទេសមត្ថកិច្ចនឹងខិតខំទប់ស្កាត់បញ្ហានេះឲ្យអស់។ 

អ្នកស្រីស៊ឹម សំ ប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅបានលើកឡើងថា បញ្ហាគ្រឿងញៀនបាន ញាំញីសង្គមដែលធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ដូច្នេះប្រសិនបើអាជ្ញាធរដោះស្រាយបញ្ហានេះ ធានាប្រសិទ្ធភាពនោះ នឹងធ្វើឲ្យប្រជាពលរដ្ឋអស់ទុក្ខកង្វល់ជាមិនខាន។

សូមបញ្ជាក់ថា ក្រោយពីបានសម្រេចជោគជ័យលើការបង្ក្រាបគ្រឿងញៀននៅតាមបណ្តាក្លឹបកម្សាន្តនោះ បច្ចុប្បន្នបញ្ហាគ្រឿងញៀននេះបានវិវឌ្ឍន៍រូបរាងថ្មីដោយភាគច្រើនអ្នកប្រើ ប្រាស់បានប្រមូលផ្តុំគ្នានៅតាមខុនដូ ផ្ទះសំណាក់ បូរី និងតំបន់ស្មុគស្មាញជាយៗក្រុង ដែល ក្រុលមសមត្ថកិច្ចកំពុងធ្វើយុទ្ធនាការស្រាវជ្រាវនៅទីតំាងទំាងនេះ៕