អភិបាលខេត្តកំពង់ចាម បានលើកឡើងថា គម្រោងចំនួន ៣៧០ ដែលត្រូវចំណាយថវិកា ជិត ៤សែនលានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាត

ខេត្តកំពង់ចាម៖
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា សម្រាប់ខេត្តកំពង់ចាម នៅឆ្នាំ២០២០ខាងមុខនេះ នឹងមានគម្រោងចំនួន ៣៧០គម្រោងដើម្បីអភិវឌ្ឍន៍ និងអនុវត្តន៍ ដែលត្រូវចំណាយថវិកាអស់ ៣៨៩,២៣០លានរៀល។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ស្តីពីការពិគ្រោះយោបល់ របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២០ ២០២២) នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ ឯកឧត្តម បញ្ជាក់ថា លទ្ធផលសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ឃុំ/សង្កាត់ ក្រុង/ស្រុក ទទួលបានសរុបចំនួន ២.៦៥៧គម្រោង ស្មើនឹង៥៥% នៃគម្រោងស្នើឡើងចំនួន ៤.៨២៥គម្រោង មន្ទីរ អង្គភាពគាំទ្របានចំនួន ២. ៣២៧គម្រោង អង្គការសង្គមស៊ីវិលគាំទ្រ បានចំនួន ៣២៩គម្រោង និងសប្បុរសជនចំនួន ០១គម្រោង ។ ដោយឡែក គម្រោងវិនិយោគកំពុងដំណើរការ មានចំនួន ២៤គម្រោង ដែលត្រូវចំណាយថវិកាសរុបអស់ ៥០.៣១២លានរៀល និងគម្រោងដែលមានថវិកាគាំទ្រ មានចំនួន ៣៧០គម្រោង ដែលត្រូវចំណាយថវិកាអស់ ៣៨៩.២៣០លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២០។

ឯកឧត្តម បន្ថែមថា គម្រោងទាំងនេះ ពិតជាស្ដែងឡើងនូវការរីកចម្រើនលើកគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ មានកំណើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុកហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត និងការអភិវឌ្ឍប្រទេសជាតិ ឲ្យប្រជាជន រួចផុតពីបន្ទាត់ក្រីក្រ ជាបន្តបន្ទាប់។ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរ ចំពោះ ការយកចិត្តទុកដាក់របស់មន្ទីរ អង្គភាពជុំវិញខេត្ត និងអង្គការនានា ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគឃុំ/សង្កាត់ ក្រុង/ស្រុក ហើយគាំទ្រគម្រោង ទៅតាមលទ្ធភាព និងសកម្មភាពរបស់ខ្លួន សម្រាប់អនុវត្តក្នុងឆ្នាំ២០២០ ខាងមុខ ៕