សមាគមចុងភៅកម្ពុជាស្នើឱ្យកសិករបង្កើនការផលិតដំណាំ បន្លែ-ផ្លែឈើសុវត្ថិភាពឱ្យបានច្រើនឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា៖ កញ្ញា កង. មុន្នីរ៉ា ថៃ្ងទី ២៦ វិច្ឆិកា ឆ្នាំ ២០១៩៖

សមាគមចុងភៅកម្ពុជា ជំរុញឲ្យកសិករនៅខេត្តសៀមរាបបង្កើនការ​ផលិតដំណាំបន្លែ​សុវត្ថិភាពឱ្យ​បាន​ច្រើន​បន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងការផ្គត់ផ្គង់​ការហូបចុករបស់​ភ្ញៀវ​ទេសចរ។

ស្ថាបនិកសមាគមចុងភៅកម្ពុជា បានអៈអាងថា បច្ចុប្បន្នបន្លែ-ផ្លែឈើសុវត្ថិភាព កំពុងទទួល​បានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទទួលទាន ពិសេសភ្ញៀវទេសចរ ដែលទៅលេងនៅក្នុងខេត្ត​សៀមរាប។

លោក ទ្បុង បូរ៉ា ស្ថាបនិក សមាគមចុងភៅកម្ពុជា មានប្រសាសន៍ នៅថ្ងៃសម្ពោធពិព័រណ៍​ផលិតផលបន្លែ និង ផ្លែឈើខ្មែរលើកទី១២ អោយដឹងថា មិនថាទ្បើយអ្នកទទួលទានតាមផ្ទះ នោះទេ។ ប៉ុន្តែនៅតាមភោជនីយដ្ឋានធំៗនៅក្នុងក្រុងសៀមរាប ក៏មានតំរូវការខ្ពស់ដែរ ចំពោះបន្លែ-ផ្លែឈើសុវត្ថិភាពនេះ។ លោក​បន្ថែមថា ប្រសិនបើបន្លែសុវត្ថិភាពផ្គត់ផ្គង់បានគ្រប់គ្រាន់ នោះ​ភោជនីយដ្ឋាន​មិនចាំបាច់ទិញ​បន្លែ-ផ្លែឈើដែល​មិនស្គាល់ប្រភពច្បាស់លាល់ពីទីផ្សារទៀតទ្បើយ។

 

ទាក់ទងដល់ការជំរុញការដាំដុះបន្លែសុវត្ថិភាពឱ្យបានច្រើន ដើម្បីឆ្លើយតបទៅនឹងតំរូវការ​ទីផ្សារ ​​លោក ទូច សុខារិទ្ធ អ្នកសម្របសម្រួលគម្រោងអង្គការ Gret មានប្រសាសន៍ដូច្នេះថា

សំលេងៈ ជាជំហ៊ាន​​បឋម​​គឺពង្រឹងផលិតភាពដាំដុះដែលឆ្លើយ តបទៅលើទីផ្សារពឹងផ្អែក​ទៅលើចំណុច៣​សំខាន់ ដោយទី១ការផលិតទៀងទាត់ ទី២ផលិតចម្រុះឱ្យច្រើន ទី៣គុណភាព ដែលឆ្លើយតប​តំរូវការទីផ្សារ។ លោកបានបន្ថែមថា បន្លែសុវត្ថិភាពផ្គត់ផ្គង់ទីផ្សារ នៅខេត្តសៀមរាប បច្ចុប្បន្ន បានកើនទ្បើងពី១៥ទៅ៣០ភាគរយ។ លោកបន្តថា បន្លែសហគមន៍កសិកម្មសុវត្ថិភាព បានចុះកុង​​ត្រាជាមួយទីផ្សារនៅភ្នំពេញ និង ខេត្តសៀមរាប ដោយបានផ្គត់ផ្គង់ ប្រមាណ​១០០​គីទ្បូក្រាមក្នុង១ថ្ងៃៗ។ ក្នុងនោះ​ទីផ្សារ​នៅក្នុងខេត្តសៀមរាប មានប្រមាណ៥០ទៅ៧០គីទ្បូក្រាម។

សូមបញ្ជាក់ថា បច្ចុប្បន្ន​ សហគមន៍​កសិកម្ម​សុវត្ថិភាពនៅខេត្តសៀមរាប មានកសិករចំនួន​៦០​គ្រួសារ​ដាំដុះបន្លែនេះ ខណៈ​អង្គការ​នេះ ​កំពុង​ជំរុញ​ដល់កសិករប្រមាណ៣០០នាក់ផ្សេងទៀត ដែលកំពុងធ្វើដំណាំកសិកម្ម ប្រើ​ប្រាស់​ជី និង ថ្នាំគីមី ឲ្យងាកមកដាំដំណាំ ដែលប្រើប្រាស់ជី និង ថ្នាំធម្មជាតិវិញ ដែលធានា​សុវត្ថិភាព​ដល់អ្នកបរិភោគ។

 

សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលបន្លែ-ផ្លែឈើខ្មែរ ត្រូវបានរៀបចំទ្បើងនៅរៀងរាល់១ឆ្នាំម្តង ដោយក្រសួងពាណិជ្ជកម្ម និង កសិកម្ម បានជ្រើសរើសយកខេត្តសៀមរាបជាគោលដៅសំខាន់​ ដោយសារខេត្តនេះ មាន​តម្រូវ​​​ការបន្លែ និង ផ្លែឈើច្រើន សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារទេសចរណ៍ ដែលមានការកើនទ្បើង​ជាលំដាប់។

 

ព្រឹត្តិការណ៍ពិព័រណ៍នេះ បានប្រមូលផ្តុំផលិតផលបន្លែ និង ផ្លែឈើក្នុងខេត្តសៀមរាប ដែល​មានអង្គការ AGRISUD, GRET ,CRID ជាដៃគូរជួយរៀបចំ និង អ្នកផលិតបន្លែ-ផ្លែឈើនៅ​មតំបន់​ជុំវិញបឹងទន្លេសាប ដែលស្ថិតក្នុងគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច(គម្រោងAIMS) ឱ្យ​មក​ជួបជុំ នាំយកផលិតផលមកដាក់តាំង និង ស្វែងរកដៃគូផ្គត់ផ្គង់៕