លោក ស៊ី សង្កត់ធ្ងន់លើការបណ្តុះបណ្តាលបុគ្គលិកយោធាប្រភេទថ្មី

AKP រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — កាលពីថ្ងៃពុធ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវឱ្យមានកិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បីបង្កើនបុគ្គលិកយោធាប្រភេទថ្មី ដែលមានជំនាញវិជ្ជាជីវៈ និងមានទាំងភាព​ស្មោះ​ត្រង់ និងសមត្ថភាព។

លោក ស៊ី ក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជា ប្រធានគណៈកម្មាធិការយោធាមជ្ឈិមបានធ្វើឱ្យមាននូវតម្រូវការ នៅពេលបើកវគ្គបណ្តុះ​បណ្តាល​សម្រាប់នាយកសាលាយោធា និងសាលារៀនដែលបានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។

ក្នុងនាមគណៈកម្មាធិការមជ្ឈិម (CPC) និងជាគណៈកម្មាធិការយោធាកណ្តាល​លោក ​ស៊ី​ បានសំដែងការស្វាគមន៍ចំពោះនាយកសាលាយោធា និងបណ្តាសាលានានា ក៏ដូចជាអ្នក​ដែល​ធ្វើការក្នុងវិស័យអប់រំយោធាផងដែរ។

នៅពេលព្រឹក លោក ស៊ី បានជួបជាមួយសមាជិកទាំងអស់នៃវគ្គបណ្តុះបណ្តាល និង​ថតរូបជាមួយពួកគេនៅសាកលវិទ្យាល័យការពារជាតិ នៃកងទ័ពរំដោះប្រជាជន ដែលជាកន្លែង​បើកពិធី។

លោក ស៊ី បាននិយាយថា គោលនយោបាយអប់រំយោធានៅក្នុងយុគសម័យថ្មី ប្រកាន់​ខ្ជាប់នូវភាពជាអ្នកដឹកនាំដាច់ខាតរបស់បក្សលើយោធា បម្រើគោលដៅកសាងប្រទេសរឹងមាំ​ដែលមានយោធារឹងមាំ និងមានគោលបំណងបណ្តុះបណ្តាលបុគ្គលិកយោធាប្រភេទថ្មី​ដែល​មានជំនាញវិជ្ជាជីវៈ និង មានទាំងភាពស្មោះត្រង់ និងសមត្ថភាព។

ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅ និងការបង្កើតថ្មីនៃសាលាយោធា និងសាលាយោធា​នានាផ្សេងទៀត លោក ស៊ី បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការរចនាកម្រិត​ខ្ពស់ និងផែនការរយៈពេលវែង ដោយអភិវឌ្ឍវិញ្ញាសាសិក្សាឱ្យកាន់តែប្រសើរជាងមុន​កសាងបុគ្គលិកបង្រៀនដែលមានសមត្ថភាពខ្ពស់ និងកែលម្អប្រព័ន្ធគាំទ្រ និងស្ថាប័ន។

លោក ស៊ី បានទាមទារឱ្យបណ្ឌិត្យសភាយោធា និងសាលាទាំងអស់មានសុច្ចរិតភាព​នយោបាយខ្ពស់ មានចំណេះដឹងល្អខាងការអប់រំស្រាវជ្រាវពីសង្រ្គាម និងការគ្រប់គ្រង​ខណៈ​ពេលដែលខ្លួនត្រូវគោរពវិន័យតឹងរឹង។

លោក ស៊ី បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីថែរក្សា និងគាំទ្រ​សាលាយោធា និងសាលារៀនទាំងអស់ និងផ្តល់អាទិភាពដល់ការអភិវឌ្ឍរបស់ពួកគេ៕

( ប្រភព ស៊ីនហួ  ប្រែសម្រួលដោយ មាស សំអុល​​ )