លោក មូន ស្នើសុំតួនាទីស្ថាបនារបស់វៀតណាមនៅក្នុងដំណើរការសន្តិភាពនៅកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩​ — កាលពីថ្ងៃពុធ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានស្នើសុំឱ្យប្រទេសវៀតណាមដើរ តួនាទីស្ថាបនាលើបញ្ហាកូរ៉េខាងជើង ដែលទាញយកផលប្រយោជន៍ពីតួនាទីរបស់ខ្លួននៅឆ្នាំក្រោយក្នុងនាមជាប្រធានអាស៊ាន និងជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ យោងតាមរបាយការណ៍មួយបានឱ្យដឹងថា លោកបានប្រាប់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នៅដើមដំបូងនៃកិច្ចប្រជុំកំពូលនៅទីក្រុងសេអ៊ូលថា «នឹងមានវិស័យជាច្រើនទៀតសម្រាប់កូរ៉េខាងត្បូង និងវៀតណាម ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ»។

លោក មូន បានវិលត្រឡប់មកការិយាល័យរបស់លោកវិញនៅមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូល អាស៊ាន – សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ – សាធារណរដ្ឋកូរ៉េ ដែលបានសម្ពោធនៅទីក្រុង ប៊ូសានចម្ងាយ ៤៥០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានី។

លោកនាយករដ្ឋមន្រ្តីវៀតណាមបានចូលរួមក្នុងការប្រជុំគ្នាទៅវិញទៅមកដែលធ្វើឡើងចាប់ពីថ្ងៃច័ន្ទដល់ព្រឹកថ្ងៃពុធ រួមជាមួយថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ានផ្សេងៗទៀត។

លោក មូន បានយល់ព្រមធ្វើកិច្ចប្រជុំកំពូលទ្វេភាគីជាមួយលោក Phuc នៅទីក្រុងសេអ៊ូល ខណៈដែលលោកបានធ្វើទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់លោក នៅទីនេះក្នុងឋានៈជានាយករដ្ឋមន្រ្តីក្នុងឱកាសនៃព្រឹត្តិការណ៍ប៊ូសាន៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)