Connect with us
[better-ads type='banner' banner='357920' ]

អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា

សេចក្តីប្រកាសកូរ៉េខាងត្បូង-មេគង្គ​អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ​អភិវឌ្ឍន៍តាមរយៈគំរូកំណើនរបស់កូរ៉េ

Published

on

AKP រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — កាលពីថ្ងៃពុធ ប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គទាំង៥ បានព្រមព្រៀង​គ្នា​ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចលើវិស័យ​ដូចជា​ធនធានកសិកម្ម ​និងបរិស្ថាន​ដោយចែករំលែកបទពិសោធន៍របស់កូរ៉េអំពីកំណើន​ក្រោយ​ពេលសង្គ្រាម។

ប្រធានាធិបតីលោក មូន ចេ-អ៊ីន និងថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ឡាវ ភូមា ថៃ និង វៀតណាម បានធ្វើការសន្យានៅក្នុងសេចក្តីប្រកាសរួមមួយ ដែលពួកគេបានអនុម័តនៅឯកិច្ចប្រជុំកំពូលលើកដំបូង រវាងប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសទន្លេមេគង្គនៅទីក្រុងកំពង់ផែប៊ូសាន។ កិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពី​កិច្ចប្រជុំកំពូលរវាងកូរ៉េខាងត្បូង និងសមាគម​ប្រជា​ជាតិអាស៊ី អាគ្នេយ៍(អាស៊ាន)។

សេចក្តីប្រកាសស្តីពីទន្លេមេគង្គ-ហាន​នៃការបង្កើតភាពជាដៃគូ សម្រាប់វិបុលភាព​ប្រជាជន ​និងសន្តិភាពបានដាក់ចេញនូវផែនការសហប្រតិបត្តិការ៧ប្រភេទគឺ៖ កសិកម្ម និងការអភិវឌ្ឍកសិកម្ម ហេដ្ឋារចនា សម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍(ICT) វប្បធម៌ និងទេសចរណ៍ ការវិនិយោគមូលធនមនុស្ស បរិស្ថាន និងបញ្ហាប្រឈមសុវត្ថិភាពមិនមែន​បែបប្រពៃណី។

យោងតាមសេចក្តីប្រកាសនេះដែរ ពួកគេនឹងធ្វើការរួមគ្នាដើម្បីបង្កើនផលិតភាពនៅ​តំបន់ជនបទ និងកសិកម្មតាមរយៈគម្រោងអភិវឌ្ឍន៍ផ្សេងៗ ដែលជាផ្នែកមួយដែលរួមបញ្ចូល​ចលនា Saemaeul របស់ កូរ៉េខាងត្បូង ដែលជាយុទ្ធនាការអភិវឌ្ឍន៍ជនបទក្នុងទសវត្សឆ្នាំ ១៩៧០ ដែលត្រូវបានគេទទួលស្គាល់ថា បានជួយធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួន។

លោក មូន បាននិយាយនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូលនេះថា ប្រសិនបើបទ​ពិសោធន៍របស់ កូរ៉េខាងត្បូងត្រូវបានផ្សំជាមួយនឹងសក្ដានុពលនៃតំបន់មេគង្គ អព្ភូតហេតុ​នៅ​លើដងទន្លេហាន ដែលសំដៅទៅលើកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កូរ៉េខាងត្បូង​នឹងនាំឱ្យមានអព្ភូតហេតុនៃទន្លេមេគង្គ។

លោកបានមានប្រសាសន៍ថា  កូរ៉េខាងត្បូងនឹងនៅជាមួយមេគង្គ ដោយមានជំនឿថា​ ការអភិវឌ្ឍ មេគង្គ គឺរបស់ប្រទេសកូរ៉េខាងត្បូង ដោយអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង​ដើម្បី​បង្កើតការរួមបញ្ចូលគ្នា រវាងបទពិសោធន៍អភិវឌ្ឍន៍របស់ទីក្រុងសេអ៊ូល និងសក្តានុពល​កំណើនដ៏ធំធេងរបស់មេគង្គ។

យោងតាមសេចក្តីប្រកាសនោះ ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការ​កសាងផ្លូវថ្នល់ ផ្លូវដែក និងកំពង់ផែ ដើម្បីជំរុញការអភិវឌ្ឍន៍នៅតំបន់មេគង្គ ហើយនឹងអនុវត្ត​គម្រោងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ដើម្បីជំរុញឌីជីថល ឆ្ពោះទៅបដិវត្តឧស្សាហកម្មទី ៤។

ពួកគេក៏បានឯកភាពគ្នាផងដែរ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងសន្តិសុខ​ដែនសមុទ្រ និងសេរីភាពនាវាចរណ៍ក្នុងតំបន់ នឹងការធ្វើនាវាចរណ៍លើសពីវាស្របតាមច្បាប់​អន្តរជាតិ។

សម័យប្រជុំកាលពីថ្ងៃពុធកន្លងទៅនេះដែរ ដោយមានការចូលរួមពីលោក មូន នាយក​រដ្ឋមន្រ្តី​ថៃលោក ប្រាយុទ្ធ ចាន់-អូចា (ជាសហប្រធាននៃកិច្ចប្រជុំកំពូល) លោកនាយក​រដ្ឋមន្រ្តីឡាវលោក ថងលួន – ស៊ីសូលីត ក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីកម្ពុជាលោក ប្រាក់ សុខុន៕

( ប្រភព  Yonhab  ប្រែសម្រួលដោយ មាស សំអុល  )

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន