ប្រធានាធិបតីអាមេរិក ចុះហត្ថលេខាលើច្បាប់ គាំទ្រដល់ក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខារួចរាល់ហើយ ដើម្បីឱ្យសេចក្ដីព្រាងច្បាប់គាំទ្រ បាតុករប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង ក្លាយទៅជាច្បាប់ពេញ លេញ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្រុងហុងកុងត្រូវបានអនុម័តដោយព្រឹទ្ធសភានិងសភាតំណាងរាស្ត្រអាមេរិក ហើយតាមរយៈការចុះហត្ថលេខារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ វានឹងក្លាយទៅជាច្បាប់ដែលតម្រូវឱ្យ ក្រសួងការបរទេសអាមេរិកធ្វើការត្រួត ពិនិត្យមើលស្វ័យភាពពេញលេញរបស់ទីក្រុងហុងកុង ដើម្បីទទួលបានការអនុគ្រោះពាណិជ្ជកម្មពិសេសពីសហរដ្ឋអាមេរិក។ រដ្ឋាភិបាលហុងកុងបាននិយាយថាច្បាប់នេះគឺជាការ បញ្ជូនសញ្ញាខុសចំពោះស្ថានភាពនៅហុងកុង ហើយនឹងមិនជួយសម្រួលអ្វីនោះទេ។ក្រសួងការបរទេសចិនបាននិយាយថាខ្លួននឹងចាត់វិធានការប្រឆាំងយ៉ាងម៉ឺងម៉ាត់ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា មានចេតនាអាក្រក់បំផុត។ សូមបញ្ជាក់ថា ចិនធ្លាប់បានព្រមានជាច្រើនលើកថា ខ្លួននឹងចាត់វិធានការសងសឹក បើសិនជាសេចក្ដីព្រាងច្បាប់គាំទ្របាតុករក្រុងហុងកុងត្រូវបានអនុម័ត៕
ប្រភព៖សារព័ត៌មាន BBC