ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានដុតស្ថានកុងស៊ុលអ៊ីរ៉ង់

អ៊ីរ៉ាក់៖ ក្រុមមន្ត្រីអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃពុធថាក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលបានដុតបំផ្លាញអគារស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងទីក្រុងណាជាហ្វនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃពុធនេះខណៈក្រុមបាតុករ ៦ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខចំពេលមានអំពើហិង្សាកំពុងបន្តកើតមាននៅក្នុងប្រទេសអ៊ីរ៉ាក់។

ឧប្បត្តិហេតុនេះបានកត់សម្គាល់ឲ្យឃើញនូវការកើនឡើងនូវបាតុកម្មដែលបានផ្ទុះឡើងក្នុងទីក្រុងបាកដាដនិងនៅទូទាំងភាគខាងត្បូង​ចាប់តាំងពីថ្ងៃទី 1​​  ខែតុលាមកម្លេះ។ ក្រុមអ្នកតវ៉ាបានចោទប្រកាន់រដ្ឋាភិបាលដឹកនាំដោយនិកាយស៊ីអ៊ីតថាពុករលួយព្រមទាំងត្អូញត្អែរពីសេវាសាធារណៈអន់ថយនិងភាពអត់ការងារធ្វើខ្ពស់។

ការដុតស្ថានអគ្គកុងស៊ុលអ៊ីរ៉ង់បានកើតឡើងបន្ទាប់ពីមានភាពតានតឹងជាច្រើនថ្ងៃនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ជាកន្លែងដែលក្រុមអ្នកតវ៉ាបានដុតកង់ឡាននិងបានកាត់ផ្តាច់ផ្លូវសំខាន់ៗនៅក្នុងខេត្តមួយចំនួន។

អត្ថបទ ឆាយ វីកាល

ប្រភព អេភី (២៨.១១.១៩)