Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងប្រារព្ធសន្និបាតបូកសរុបការងារអាណត្តិទី៤ និងលើកទិសដៅការងារអាណត្តិទី៥ (២០១៩-២០២៥)

Published

on

AKP កំពង់ឆ្នាំង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រារព្ធសន្និបាតអាណត្តិទី៥បោះឆ្នោតជ្រើសរើសគណៈកម្មាធិការ និង ប្រកាសគណៈកិត្តិយសសាខាសម្រាប់អាណត្តិថ្មី (២០១៩-២០២៥) ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយសសាខាអាណត្តិទី៤ ព្រមទាំងគណៈកិត្តិយស សមាជិក សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា ជាច្រើនផងដែរ ។

ឯកឧត្តមឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា កន្លងមកនេះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអនុវត្តន៍បានយ៉ាងត្រឹមត្រូវទៅគោលការណ៍គ្រឹះ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មាន ភាពមនុស្សធម៌, ភាពមិនលំអៀង, អព្យាក្រឹតភាព, ឯករាជភាព, សេវាកម្មស្ម័គ្រចិត្ត, ឯកភាព និងសកលភាព។ ព្រមទាំងយកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំរបស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌បានជោគជ័យ ។ ការគ្រប់គ្រងគ្រោះមហន្តរាយ, សុខភាព និងការថែទាំសុខភាព សហគមន៍, លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ព្រមទាំងបានអភិវឌ្ឍន៍ស្ថាប័ន និង អភិវឌ្ឍន៍ធនធាន បង្កើនគំនិតក្នុងការកៀរគររកមូលនិធិពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការងារមនុស្សធម៌របស់សាខា និងយកចិត្តទុកដាក់បំពេញភារកិច្ចមនុស្សធម៌ឱ្យ បានល្អ ស្របតាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។

លោកជំទាវ ពុំ ចន្ទីនី បានមានប្រសាសន៍ថា ភាពជោគជ័យរបស់កាកបាទក្រហមកម្ពុជា សម្រេចកន្លងមកបានឆ្លុះបញ្ចាំងឱ្យឃើញពីមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់កាកបាទក្រហម កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង ភាពខ្លាំងនៃយុទ្ធសាស្រ្តរបស់កាកបាទក្រហមកម្ពុជា បានបង្ហាញពីការគិតគួរក្នុងរួបភាពស្ថាប័នទាំងមូល និង បណ្តុះបណ្តាល គំនិតឱ្យសាខា អនុសាខា រហូតដល់សហគមន៍ ពិចារណា និងជួយស្វែងរក វិធីសាស្រ្តដោះស្រាយបញ្ហាប្រឈមនានា ។

លោកជំទាវអគ្គលេខាធិការ បានបន្តថា ក្នុងនាមសាខា អនុសាខា ដែលជាសេនាធិការ របស់ថ្នាក់កណ្តាល និងជាជំនួយការឱ្យអាជ្ញាធរខេត្ត ក្រុង ស្រុកត្រូវនាំគ្នាវិភាគ និងពិចារណាថាតើយើងអាចធ្វើអ្វីបានខ្លះ ដើម្បីដោះស្រាយភាពងាយរងគ្រោះទាំងអស់នោះ? ។

លោកជំទាវបានបញ្ជាក់ទៀតថា ការអភិវឌ្ឍស្ថាប័ន សាខា អនុសាខា និងការអភិវឌ្ឍ ធនធានជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលចាក់ឫសចូលជ្រៅទៅក្នុងសហគមន៍ តាមលក្ខណៈវិនិច្ឆ័យ សាខាមានដំណើរការល្អ សំដៅធ្វើឱ្យសាខានីមួយៗធ្វើសកម្មភាពតាមវិស័យស្នូលទាំង ៤ ប្រកបដោយភាពច្បាស់លាស់ ក្នុងការជួយបានយ៉ាងឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ក្នុងសកម្មភាពមនុស្សធម៌ ។

គូសបញ្ជាក់ផងដែរថា អង្គសន្និបាតអាណត្តិទី៥ បានបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន គណៈកម្មាធិការសាខាចំនួន១៥រូប ក្នុងនោះឯកឧត្តម អម សុភា ត្រូវបានអង្គសន្និ
បាតបោះឆ្នោតជ្រើសរើសជាប្រធានគណៈកម្មធិការការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និង ប្រកាសគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងចំនួន១៥រូប ក្នុងនោះឯកឧត្តមឈួរ ច័ន្ទឌឿន ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ៕

ដោយ បៃ ស៊ីថុន

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន