វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា
ភ្នំពេញ៖ប្រទេសកម្ពុជា និងអូស្ត្រាលី បានបន្តកិច្ចសហប្រតិបត្តិការលើវិស័យនគរបាល ឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ។
ក្នុងជំនួបជាមួយ លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលី ដែលបានបញ្ចប់អាណត្តិការទូតរយៈពេល៣ឆ្នាំ នៅកម្ពុជានា ថ្ងៃទី២៧ ខែវិច្ឆិកា នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការនគរបាលកម្ពុជាបានគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី និងប៉ូលីសសហព័ន្ធអូស្ត្រាលី AFPដែលបានជួយដល់នគរបាលកម្ពុជាក្នុងការរៀបចំសរសេរយុទ្ធសាស្ត្រនគរបាលជំហានទី១ ជាពិសេសជួយឱ្យមន្ត្រីនគរបាលកម្ពុជាកាន់តែម្ចាស់ការ និងមានបទពិសោធន៍ពេញលេញ។ ដោយឯកឧត្តមពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អនេះ។
លោកជំទាវ Angela Corcoran បានលើកឡើងថា នគរបាលអូស្ត្រាលី មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រីកកិច្ចសហកាជាមួយកម្ពុជា ពិសេសការអនុវត្តច្បាប់ជាមួយនឹងមន្ត្រីកម្ពុជា។
លោកជំទាវ បានសម្តែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងនគរបាលនៃប្រទេសទាំង២ ជាពិសេសកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលបានធ្វើឲ្យបទល្មើសបានធ្លាក់ចុះគួរឲ្យកត់សម្គាល់។ លោកជំទាវបានជំរុញឲ្យនគរបាលរវាងប្រទេសទាំង២ បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។
សូមបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងអូស្រ្តាលីជាមួយកម្ពុជា គិតរហូតមកទល់ពេលនេះមានរយៈពេល ៦៧ឆ្នាំហើយ។ ក្រៅពីការប្រាស្រ័យកិច្ចការទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ខាងផ្នែកកម្លាំងអនុវត្តច្បាប់ ក៏មានកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិជាមួយនឹងប៉ូលីសសហព័ន្ធអូស្ត្រាលី AFP ផងដែរ៕