រាជរដ្ឋាភិបាលរាអារ៉ាប៊ីសាអូឌីតចង់បង្កើនកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងវិនិយោគជាមួយ កម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖រាជរដ្ឋាភិបាលរាអារ៉ាប៊ីសាអូឌីតបង្ហាញពីបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងវិនិយោគជាមួយកម្ពុជាដើម្បីបំរើផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ឯកឧត្តម សាអ៊ូត អាល់ សូវេលីម ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងអ្នកវិនិយោគទុនអារ៉ាប៊ីសាអូឌីតចង់ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងវិនិយោគនៅប្រទេសកម្ពុជានេះ ដោយតែកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
ឯកឧត្តមបញ្ចាក់ថា តាមរយៈការរីកចម្រើននេះប្រទេសកម្ពុជានឹងសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនដែលកសាងប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០តាមផែនការគ្រោងទុក។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ស្វាគមន៍ និងសន្យាថា នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមប្រឹក្សាពិគ្រោះយោបល់នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដើម្បីរួមចំណែកដល់ការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ។
សម្តចបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ ក៏ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។
សម្តេចប្រធានព្រឹទ្ធសភាបានស្នើឯកឧត្តមឯកអគ្គរាជទូតជួយជំរុញឱ្យអ្នកទេសចរអារ៉ាប៊ីសាអូឌីតមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន និងជួយចលនាលើកទឹកចិត្តអ្នកវិនិយោគអារ៉ាប៊ីសាអូឌីតមកវិនិយោគនៅ កម្ពុជា។ ទន្ទឹមនេះប្រទេសកម្ពុជាមានតំបន់រមណីយដ្ឋានវប្បធម៌ និងតំបន់អេកូទេសចរណ៍ជាច្រើនកន្លែង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ជាពិសេសទំហំសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការកចម្រើនឈរលំដាប់ល្អនៅក្នងតំបន់អាស៊ាននេះ៕