មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា ការពង្រឹងធនធានមនុស្សគឺជារឿងសំខាន់ដើម្បីប្រសិទ្ធិភាពការងារ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
Mc៖មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា ការពង្រឹងធនធានមនុស្សគឺជារឿងសំខាន់ដើម្បីប្រសិទ្ធិភាពការងារទាំងការងារគ្រប់គ្រងទូទៅនិងការងារវិស័យទេសចរណ៍។

ក្នុងពិធីបិទសិក្ខាសាលា ស្ដីពីការវាយតម្លៃការបណ្ដុះបណ្ដាលមន្រ្ដីរាជការឆ្នាំ២០១៩ និងទិសដៅបន្តឆ្នាំ២០២០កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ឯកឧត្ដម គង់ សូលីដា អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា នៅពេលមន្ត្រីពោពេញដោយសមត្ថភាព ពេលនោះការងារកាន់តែរីកចំរើន ព្រោះមន្ត្រីដែលមានចំណេះដឹងពួកគាត់អាចចូលរួមលើកមតិយោបល់ លើកផែនការអភិវឌ្ឍន៍ស្ថាប័នឱ្យរីកចំរើន។

ឯកឧត្តមបន្តថា ការពង្រឹង និងការកែលម្អដំណើរការនៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស គឺជាកិច្ចការគន្លឹះ និងមានសារៈសំខាន់បំផុត ក្នុងការប្រែក្លាយធនធានមនុស្សក្នុងវិស័យសាធារណៈ ឱ្យកាន់តែមានសមត្ថភាពវិជ្ជាជីវៈច្បាស់លាស់និងប្រសិទ្ធភាព ក្នុងការបំពេញការងារ ដែលនឹងក្លាយទៅជាមូលធនមនុស្សរបស់សង្គមកម្ពុជាទាំងមូល។ លើសពីនេះទៀត ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ គឺជាការវិនិយោគមួយដែលមានលក្ខណៈជាយុទ្ធសាស្ត្រ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ អភិវឌ្ឍន៍ចំណេះដឹង និងជំនាញរបស់មន្ត្រីរាជការ ដោយផលចំណេញមានលក្ខណៈអរូបិយ និងប្រើប្រាស់សម្រាប់រយៈពេលយូរអង្វែង។

សូមបញ្ជាក់ថា សិក្ខាសាលា ស្ដីពីការវាយតម្លៃការបណ្ដុះបណ្ដាលមន្រ្ដីរាជការឆ្នាំ២០១៩ និងទិសដៅបន្តឆ្នាំ២០២០ មានសិក្ខាកាមចូលរួម ជាមន្ត្រីរាជការចំនួន ១២២រូប ក្នុងនោះនៅទីស្ដីការក្រសួងចំនួន ៦៧រូប និងមន្ទីរទេសចរណ៍រាជធានីខេត្ត ៥៥រូប នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕