រដ្ឋបាលខេត្តប៉ៃលិន និងក្រសួងធនធានទឹកផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការថែរក្សាទឹកទុក

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តបៃលិន អត្ថបទលោក ហឿន គឹមហុន

ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិននាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម រ៉ុន តូ អនុរដ្ឋលេខាធិកាក្រសួងធនធានទឹកនិងឧតុនិយម និង ឯកឧត្តម ផាន់ចាន់ធុល អភិបាលខេត្តប៉ៃលិនព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបារងខេត្ត ស្នងការ កងកម្លាំងប្រដាប់អាវុធ អស់លោកលោកស្រីអភិបាលក្រុង ស្រុក ប្រធានអនុប្រធានមន្ទីរ មេភូមិ-មេឃុំ-ចៅសង្កាត់ និង អាជ្ញាធរពាក់ព័ន្ធផងដែរ។
ឯកឧត្តម រ៉ុន តូ អនុរដ្ឋលេខាធិកាក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ថា៖ បច្ចុប្បន្នអាកាសធាតុនៅលើពិភពលោកក៏ដូចជាប្រទេសកម្ពុជាយើងមានភាពប្រែប្រួលគួរអោយព្រួយបារម្មណ៍ជាខ្លាំង ។
យោងតាមការព្យាករក៏ដូចជាស្ថានភាពជាក់ស្តែងបានបង្ហាញអោយដឹងផងដែរថា សម្រាប់ឆ្នាំ ២០១៩នេះ ប្រទេសកម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរអពីបាតុភូត អែលនីណូ ដោយបានបង្កមានកត្តាអវិជ្ជមានជាច្រើន ដូចជា៖ អាកាសធាតុក្តៅហួតហែង និងភ្លៀងមិនទៀងទាត់ជាដើម ដែលបង្កអោយមានភាពខ្វះខាតទឹកប្រើបា្រស់។ ឯកឧត្តម បានបន្តថា៖ ដោយសង្កេតឃើញមានបញ្ហាបម្រែបម្រួលអាកាសធាតុខ្លាំងដូចនេះទើបរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងធនធានទឹកនិងឧតុនិយម បានយកចិត្តទុកដាក់ខ្ពស់និងត្រៀមបង្ការួចជាស្រេចនូវបញ្ហាបាតុភូតិធម្មជាតិទាំងអស់នេះ និងសូមធ្វើការណែនាំនូវវិធានការសំខាន់ៗរួមមាន៖ ១/ការបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០១៩ – ២០២០ គឺអាចធ្វើបានតែមួយដងប៉ុណ្ណោះដោយមិនធ្វើស្រូវប្រាំងលើកទី២បានទេ។ ម្យ៉ាងវិញទៀតទោះបីជាទឹកនៅតាមបណ្តាអាងដែលរក្សាទុកនិងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយធ្វើយ៉ាងណាគួររក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងការដាំដំណាំរួមផ្សំផ្សេងៗក្រៅពីដំណាំស្រូវជាដើម។ ២/គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណាចូលរួមចាត់វិធានការថែរក្សាទឹកទុកអោយបានល្អ ដើម្បីធ្វើយ៉ាងណាសម្រាប់ផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញផងដែរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា៖ ដោយសារបាតុភូតិធម្មជាតិមានឈ្មោះថា ឡានីញ៉ា សម្រាប់ប្រទេសកម្ពុជាយើង ជាពិសេសខេត្តប៉ៃលិននឹងទទួលរងនូវអាកាសធាតុត្រជាក់ចាប់ពីថ្ងៃ០៤ រហូត ដល់ថ្ងៃទី ០៨ ខែធ្នូ នេះ នឹងទទួលរងនូវសំពាធអាកាសធាតុត្រជាក់អតិបរិមាចន្លោះពី ១៦អង្សារសេ ដល់ ២១អង្សារសេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការបង្ការទុកនិងត្រៀមនូវអាវរងារទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាថែរក្សាសុខភាពអោយបានល្អទាំងអស់គ្នា។

ដើម្បីឆ្លើយតបទៅនឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការចាត់វិធានការថែរក្សាទឹក ឯកឧត្តម ផាន់ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ យើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ទឹកមិនមែនសម្រាប់ប្រើប្រាស់តែនៅលើកការដាំដុះស្រូវប៉ុណ្ណោះទេ តែទឹកក៏ត្រូវបានប្រើប្រាស់សម្រាប់ស្រោចស្រពដំណាំគ្រប់ប្រភេទ និងសម្រាប់មនុស្សសត្វផងដែរ។ ដូច្នេះដើម្បីចៀសវាងបាននូវកង្វះទឹកនិងទប់ស្កាត់បាននូវការខូចខាតផលដំណាំជាយថាហេតុ សុំស្នើដល់អភិបាលក្រុងស្រុក មេភូមិ មេឃុំ ចៅសង្កាត់ទាំងអស់ត្រូវចូលរួមអនុវត្តនូវវិធានការសារាចរណែនាំលេខ១១ សរណន របស់រាជរដ្ឋាភិបាលកម្ពុជាប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុតគឺ ចាត់វិធានការទប់ទឹកនៅតាមបណ្តាអាងទឹកនានានៅក្នុងមូលដ្ឋានភូមិឃុំសង្កាត់ ដោយត្រូវធ្វើការត្រួតពិនិត្យអោយបានជាប្រចាំ និងធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើផលិតកម្មដំណាំស្រូវប្រាំងឆ្នាំ២០១៩-២០២០ មិនត្រូវធ្វើលើសពីមួយដង ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹក និងចៀសវាងបាននូវការខាតបង់ផលដំណាំជាយហេតុ។ ហើយបងប្អូនប្រជាពលរដ្ឋដែលធ្លាប់បង្កបង្កើនផលស្រូវរដូវប្រាំងពីរឬបីដង ត្រូវតែប្រែមកដាំដំណាំរួមផ្សំវិញ បន្ទាប់ពីការប្រមូលផលស្រូវប្រាំងលើកទីមួយរួច ដើម្បីបំពេញចំណូលបន្ថែមសម្រាប់ជីវភាពក្រុមគ្រួសារ។ ឯកឧត្តមក៏ស្នើរដល់មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ត្រូវចាត់មន្រ្តីត្រួតពិនិត្យ និងប្រចាំការនូវបណ្តាអាងទឹកសំខាន់ៗដើម្បីទប់ស្កាត់ការប្រើប្រាស់ទឹកខ្ជះខ្ជាយ និងថែរក្សាប្រភពទឹកអោយបានគង់វង្សរហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាវិញ។ ជាពិសេសមេភូមិ មេឃុំចៅសង្កាត់ ត្រូវជួយផ្សព្វផ្សាយបន្តអោយបានទូលំទូលាយទៅដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានអោយបានយល់ដឹងពីស្ថានភាពទឹក និងហានីភ័យនានាពាក់ព័ន្ធនឹងកង្វះទឹកប្រើប្រាស់។ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើយ៉ាងណាមានចំណាត់ការទប់ស្កាត់រក្សាទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋយើងអោយបានប្រើប្រាស់ និងជីកអណ្តូងក៏ដូចជាស្រះសម្រាប់ត្រៀមទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ និងការខ្វះខាតទឹកប្រើប្រាស់អោយបានទាន់ពេលវេលា ជាពិសេសធ្វើយ៉ាងណាអាជ្ញាធរមូលដ្ឋានត្រូវមើលឡើងវិញនូវតាមដងស្ទឹង ត្រូវកាយពោះស្ទឹងនិងពង្រីកចំណីដងស្ទឹងអោយបានធំទូលាយជាងមុនដើម្បីរៀបចំទំនប់ទប់ស្កាត់ទឹកសម្រាប់បង្កាបញ្ហាកង្វះទឹកប្រើប្រាស់អោយបានសមស្របនិងមានភាពល្អប្រសើរឡើង។
គួរបញ្ជាក់ថា៖ នៅក្នុងខេត្តប៉ៃលិនមានអាងស្តុបទឹកចំនួន១កន្លែងគឺអាងស្តុបទឹកអូរដូនតាដែលមានទំហំប្រមាណ៥ហិតាស្ថិតនៅភូមិអូរដូនតា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕