Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពតតៀមបដិណ្ឋាកិច្ចទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិក្នុងឱកាសពិធីបុណ្យ សមុទ្រខាងមុខនេះ

Published

on

វិទ្យុជាតិកម្ពុជា៖ ដោយកញ្ញា អ៊ី កនិកា

MC៖ អាជ្ញាធរខេត្តកំពតតៀមបដិណ្ឋាកិច្ចទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិក្នុងឱកាសពិធីបុណ្យសមុទ្រខាងមុខនេះ ដើម្បីបង្កលក្ខណៈភាពងាយស្រួល និងបំពេញតំរូវការដល់ភ្ញៀវដែលលេងកម្សាន្ត ។  

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ពិធីបុណ្យសមុទ្រលើកទី៨ជុំទី២ នឹងប្រារព្ធឡើងនៅខេត្តកំពត ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។ លោកបានបញ្ជាក់ថា ក្រសួងទេសចរណ៍ កំពុងជំរុញឲ្យមានការស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ Home Stay ដើម្បីដោះស្រាយកន្លែង ស្នាក់នៅក្នុងពិធីបុណ្យសមុទ្រខាងមុខ ខណៈបច្ចុប្បន្នក្នុងខេត្តកំពតមានសណ្ឋាគារចំនួន ១៨ កន្លែងចំណែក ផ្ទះសំណាក់និងបាងហ្គាឡូមានប្រមាណ២៤៦កន្លែង ។

 

សំឡេង«សេវាកម្មសម្រាប់ទទួលភ្ញៀវស្នាក់នៅក្នុងពិធីបុណ្យសមុទ្រ ជុំលើកទី២នេះ បានត្រៀមរៀបចំ បន្ទប់ស្នាក់នៅជាង៣០០០បន្ទប់ សម្រាប់ទទួលភ្ញៀវមកស្នាក់នៅ និងរៀបចំបន្ទប់ស្នាក់នៅតាមសហគមន៍របស់យើង ជាង១០០បន្ទប់បន្ថែម និងមានការបោះតង់នៅក្នុងខេត្តផងនិងបោះតង់នៅជុំវិញខេត្តផងដែរ និងមានបោះតង់នៅតំបន់ភ្នំបូកគោចំនួន៧០០បន្ថែមទៀត »។

 

លោកបានបន្តថា រហូតមកទល់ពេលនេះខាង អាជ្ញាធរខេត្តបានធ្វើកិច្ចការជាច្រើនរួចមក ហើយដូចជាការជួសជុលហេដ្ឋារចនាសម្ព័ន្ធការកែលម្អសោភ័ណភាពទីក្រុងនិងអនាម័យ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ ដ៏ច្រើនដែលនឹងធ្វើដំណើរមកចូលរួមក្នុងពិធីបុណ្យសមុទ្រ នាពេលខាងមុខ ។

 

សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រត្រូវបានរៀបចំឡើងជាលើកដំបូងក្នុងឆ្នាំ២០១២ក្នុងខេត្ត ព្រះសីហនុ ពិធីនេះតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយប្តូរវេនគ្នានៅក្នុងចំណោម ខេត្ត ទាំង ៤ ដែលនៅជាប់សមុទ្ររួមមាន ខេត្តកំពត ព្រះសីហនុ កោះកុង និង ខេត្ត កែប ។ កាលពីឆ្នាំ  ២០១៨កន្លងមកបុណ្យសមុទ្រត្រូវបានរៀបចំធ្វើក្នុងខេត្តកោះកុង ៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន