កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារំាងនៅដើមខែធ្នូនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ ប៉ុង សុភាវី ២៧ វិច្ឆិកា ២០១៩៖

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារំាងនៅដើមខែធ្នូនេះ ដោយផ្តោតសំខាន់លើការអភិវឌ្ឍទីក្រុង និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ក្រសួងព័ត៌មានបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ឆ្នាំ២០១៩ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ។
ក្រសួងព័ត៌មានបានឲ្យដឹងទៀតថា មហាសន្និបាត សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៣៩ឆ្នាំ២០១៩នេះ នឹងមានវត្តមានចូលរួមពីអភិបាលក្រុងដែលប្រើប្រាស់ភាសាបារាំងអញ្ជើញមកពីបណ្តាប្រទេសនានានៅលើពិភពលោកសរុប៤១ ប្រទេស ដើម្បីជួបជុំគ្នាពិភាក្សា អំពីទីក្រុងដែលមានភាពធន់ ”ការគិតគូរអំពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ“ ។
ក្នុងន័យនេះក្រសួងព័ត៌មានបានប្រកាសដល់ក្រុមអ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលមានបំណងចូលយកព័ត៌មានក្នុងមហាសន្និបាតសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៣៩ ឆ្នាំ២០១៩ សូមមកចុះឈ្មោះនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន ដើម្បីទទួលបានប័ណ្ណចូលរួមកម្មវិធីនេះ គឺចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានី ភ្នំពេញធ្លាប់បានអះអាងថាការរៀបចំមហាសន្និបាតនេះគឺជាមោទនភាពរបស់កម្ពុជានៅលើឆាក អន្តរជាតិដែលមានលទ្ធភាពទទួលស្វាគមន៍គណៈប្រតិភូជាច្រើនប្រទេសមកប្រជុំនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ហើយបានបង្ហាញពីកត្តាសុខសន្តិភាពពេញបរិបូរណ៍ទៅដល់អន្តរជាតិ ផងដែរ។
ឯកឧត្តមបន្តថា កិច្ចការងារនេះរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំខ្លួនរួចជាស្រេចហើយដើម្បី ទទួលស្វាគមន៍ និងរៀបចំសន្តិសុខការពារក្រុមគណៈប្រតិភូ ដើម្បីឲ្យចូលរួមក្នុងកិច្ចប្រជុំនេះបាន ប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។
សូមបញ្ជាក់ថា កម្មវិធីបើកមហាសន្និបាត សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ឆ្នាំ២០១៩ នឹងមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕