មន្ទីរបរិស្ថានខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការដុតសំរាមតាមទីសាធារណៈ

វិទ្យុជាតិកម្ពុជា ស៊ឹង សុផារី 27,11,19៖


មន្ទីរបរិស្ថានខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការដុតសំរាមតាមទីសាធារណៈ លំនៅដ្ឋានដីកម្មសិទ្ធឯកជន ដើម្បីចូលរួមថែរក្សាគុណភាពខ្យល់ ឱ្យមានភាពល្អប្រសើរសម្រាប់ការរស់នៅ ។
មន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថា ការដុតសំរាមតាមទីសាធារណៈនេះ វាបង្កឲ្យប៉ះពាល់ដល់សុខភាពបេះដូង សួត និងគ្រាប់ឈាមក្រហមជាដើម ដោយសារសារជាតិស៊ីអូជាឧស្ម័នគីមីដែលមានផលប៉ះពាល់ដល់សុខភាពអ្នកដុតសម្រាម និងសហគមន៍ជុំវិញទាំងមិនដឹងខ្លួន។
មន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថា ដោយមានការជួយគាំទ្រពីក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រះវិហារ បានទទួលឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់(OCEANUS) ដែលអាចវាស់កម្រិតកំហាប់ភាគល្អិតនិចល PM2.5 នៅក្នុងខ្យល់។ ភាគល្អិតនេះអាចស្រូបចូលទៅដល់ក្នុងសួត និងពេលខ្លះដល់សរសៃឈាមតាមរយៈការដកដង្ហើម ដែលអាចបង្កការប៉ះពាល់ដល់សុខភាពមនុស្សធ្ងន់ធ្ងរ ជាពិសេសផ្លូវដង្ហើម ប្រសិនបើកម្រិតកំហាប់ជាមធ្យមរបស់ភាគល្អិតនិចលនៅក្នុងខ្យល់ លើសកម្រិតកំណត់ស្តង់ដា(៥០ug/m3ក្នុងរយៈពេល២៤ម៉ោង នៃការកំណត់ស្តង់ដារបស់ក្រសួងបរិស្ថាន) ។
សូមបញ្ជាក់ថា តាមលទ្ធផលនៃការតាមដានត្រួតពិនិត្យគុណភាពខ្យល់ កម្រិតភាគល្អិតនិចល PM2.5 មានភាពល្អប្រសើរ តែភាគច្រើនមានការកើនឡើងចាប់ពីម៉ោង ០៦៖០០ព្រឹក-០៩៖០០នាទីព្រឹក និងពីម៉ោង១៨៖០០នាទីរសៀល-២២៖០០នាទីយប់ ដែលនេះទាមទារឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមបញ្ឈប់រាល់សកម្មភាពដុតសំរាម ដែលបង្កឲ្យប៉ះពាល់ដល់គុណភាពខ្យល់ ៕