អភិបាលរាជធានីភ្នំពេញជំរុញឲ្យម្ចាស់វិនិយោគអភិវឌ្ឍន៍ផ្សារសិនជូរីផ្លាហ្សាឲ្យហើយតាមផែនការកំណត់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​ និង​ លោក​ ចន​ ណារិទ្ធ​៖

អភិបាលរាជធានីភ្នំពេញជំរុញឲ្យម្ចាស់វិនិយោគអភិវឌ្ឍន៍ផ្សារសិនជូរីផ្លាហ្សាឲ្យហើយតាមផែនការកំណត់ ពោគឺនៅចុងឆ្នាំ២០២១ខាងមុខ ដើម្បីពន្លឿនអោយអាជីវករអាចចូលទៅលក់ដូរ ដែលបង្កើនសេដ្ឋកិច្ចគ្រួសារ។
ក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើបសិនជូរីផ្លាហ្សានៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់ម្ចាស់វិនិយោគគម្រោងអភិវឌ្ឍន៍ ផ្សារសិនជូរីផ្លាហ្សា មិនត្រូវធ្វើអ្វីខុសពីគម្រោងដែលបានព្រមព្រៀងឡើយ ដើម្បីកុំអោយមានការ ឆ្គាំឆ្គងជាមួយក្រុមអាជីវករ។ ឯកឧត្តមអភិវឌ្ឍរាជធានីភ្នំពេញបានបញ្ជាក់ថា គម្រោងអភិវឌ្ឍផ្សារទំនើបនេះ ក្នុងគោល ដៅរៀបចំសណ្តាប់ធ្នាប់នៅតំបន់នេះឲ្យបានរៀបរយនិងការបង្អួតភ្ញៀវទេសចរបរទេស ខណៈបច្ចុប្បតំបន់នេះមានស្ថានភាពអាក្រក់ខ្លំាងរងការលិចលង់ជាប្រចាំនៅពេលមានភ្លៀងធ្លាក់ម្តង ហើយការលក់ដូរគ្មានសណ្តាប់ធ្នាប់ប៉ៈពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។
សម្លេង«សរសើរហើយសរសើរទៀតចំពោះអាជីវករទំាងផ្សាររដ្ឋនិងផ្សារឯកជន ដែលបានទុក ចិត្តមកដល់រដ្ឋបាលរាជធានីភ្នំពេញ ប្រគល់តួនាទីនេះមកអោយរដ្ឋបាលរាជធានីភ្នំពេញ ហើយផ្តល់ការវិនិយោគជូនក្រុមហ៊ុនផ្សារសិនជូរីគ្រុប ដើម្បីធ្វើការអភិវឌ្ឍជាផ្សារទំនើប ចឹងអាជីវករទំាងអស់ត្រូវទុកចិត្តមានកិច្ចការបញ្ហាអ្វីត្រូវតេមកខ្ញុំ។ ហើយក្រុមហ៊ុនត្រូវធ្វើអ្វីតាម កិច្ចសន្យាដើម្បីសុខដុមទំាងអស់គ្នា»។
លោកស្រីចាន់ សុធាអគ្គនាយិកាក្រុមហ៊ុនសិនជូរីគ្រុប បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ផ្សារទំនើបនេះមានកំពស់៥ជាន់ ហើយនៅពេលក្រុមហ៊ុនសាងសង់រួច នឹងប្រគល់តូបជូនអាជីវករវិញដែលបច្ចុប្បន្នពួកគេមានតូបកំពុងលក់ នៅផ្សាររដ្ឋ និងផ្សារឯកជន។
លោកស្រីបានអៈអាងថា ក្រុមហ៊ុននឹងពន្លឿនការសាងសង់ផ្សារទំនើបនេះឲ្យហើយតាម ផែនការដែលបានកំណត់ក្នុងរយៈពេល២៤ខែ ពោលនឹងត្រូវហើយរួចរាល់នៅចុងឆ្នាំ២០២១ ខាងមុខ។
គួរបញ្ជាក់ថា បច្ចុប្បន្នអាជីវករលក់នៅទីតាំងផ្សារសិនជូរីទាំងរដ្ឋនិងឯកជនចំនួន៦៧០តូប ដោយត្រូវរើទៅលក់ជាបណ្តោះអាសន្នទីតំាងសួនកុមារពោធិសែនជ័យ មុខផ្សារសិនជូរីផ្លាហ្សា៕