គោលនយោបាយភាគខាងត្បូងថ្មី 2.0 របស់លោក  Moon  បានបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងប៊ូសាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩​ — ប្រទេសកូរ៉េខាងត្បូង និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងយុទ្ធសាស្ត្ររបស់ពួកគេ ជាមួយនឹងកិច្ចប្រជុំកំពូលពិសេស ដែលទទួលបានជោគជ័យនៅទីក្រុង    ប៊ូសាន ដែលពួកគេបានឯកភាពគ្នាទៅលើចក្ខុវិស័យសហវិបុលភាពប្រជាជន។

កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន – សាធារណរដ្ឋកូរ៉េដែលមានរយៈពេល ២ថ្ងៃនេះ បានផ្តល់ដល់រដ្ឋបាលរបស់លោក Moon Jae-in ជាមួយនឹងសន្ទុះថ្មីនៅក្នុងគោលនយោបាយភាគខាងត្បូងថ្មីដែលមានអាយុកាលពីរឆ្នាំរបស់ខ្លួន។ វាបានកើតឡើងនៅពេលដែលទីក្រុងសេអ៊ូលប្រឈមមុខនឹងការបរាជ័យខាងការទូតជាច្រើន រួមទាំងការប្រយុទ្ធប្រឆាំងពាណិជ្ជកម្មជាមួយប្រទេសជប៉ុន ជម្លោះជាមួយប្រទេសចិន និងសម្ពាធពីសហរដ្ឋអាមេរិកក្នុងការចំណាយបន្ថែមសម្រាប់កងទ័ពអាម៉េរិកដែលឈរជើងនៅក្នុងប្រទេសកូរ៉េ។

នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៊ូសាន ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ លោក Moon បានទទួលការគាំទ្រពីថ្នាក់ដឹកនាំនៃប្រទេសអាស៊ីអាគ្នេយ៍ទាំង ១០ សម្រាប់គំនិតផ្តួចផ្តើមសន្តិភាពនៅឧបទ្វីបកូរ៉េ។ លោកបានលើកឡើងថា សន្តិភាពនៅអាស៊ីភាគឦសានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្ថិរភាព នៅអាស៊ីអាគ្នេយ៍។

លោកបានស្នើឱ្យរដ្ឋជាសមាជិកអាស៊ានរក្សានូវការផ្ញើសារ ដែលមានការឯកភាពគ្នាទាំងទៅទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន សម្រាប់ការចាប់ផ្តើមឡើងវិញនូវកិច្ចចរចានុយក្លេអ៊ែរកម្រិតការងារ និងលទ្ធផលសំខាន់ៗ។

អាស៊ានទទួលបានការគាំទ្រជាផ្លូវការរបស់ទីក្រុងសេអ៊ូល សម្រាប់ទស្សនៈរបស់ខ្លួន ទៅលើទស្សនៈឥណ្ឌូ – ប៉ាស៊ីហ្វិក។ លោក Moon បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកស្វាគមន៍ចំពោះទស្សនវិស័យអាស៊ានស្តីពី ឥណ្ឌូ – ប៉ាស៊ីហ្វិក (AOIP) ដែលបានដាក់ចេញកាលពីខែមិថុនា ហើយលោកបាននិយាយថា វាជាការបើកចំហ ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ដោយផ្អែកលើចំណុចកណ្តាលអាស៊ាន។

AOIP គឺជាគោលការណ៍ណែនាំដំបូងរបស់អាស៊ាន ក្នុងការប្រឈមមុខនឹងការលេងអំណាចក្នុងចំណោមមហាអំណាចក្នុងតំបន់ ព្រោះវាស្ថិតនៅកណ្តាលតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។ ប្រទេសចិនកំពុងព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនជាមួយគោលនយោបាយខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ហើយសហរដ្ឋអាមេរិកកំពុងព្យាយាមទប់ទល់នឹងយុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិក។ ដូច្នេះ AOIP នេះ បញ្ជាក់អំពីជំហររបស់អាស៊ានក្នុងការមិនគាំទ្រជាមួយប្រទេសមហាអំណាចណាមួយឡើយ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)