រដ្ឋសភាកម្ពុជាបង្ហាញជំហរពីការពង្រឹងពង្រីកវិស័យការទូតជាមួយបណ្តាប្រទេសនៅលើសកលលោក

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ២៧ ១១ ២០១៩៖

 រដ្ឋសភាកម្ពុជា បង្ហាញជំហរពីការពង្រឹងពង្រីកវិស័យការទូតជាមួយបណ្តាប្រទេសនៅលើសកលលោក ដើម្បីនាំមកនូវចំណងការទូត មិត្តភាព ការជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ថ្លែងក្នុងឱកាសទទួលជំនួប ឯកឧត្តម សាអ៊ូត អាល់ សូវ៉េលីម ( Saud F.M. Al Suwelim) ឯកអគ្គរាជទូត ប្រទេសអារ៉ាប៊ីសាអូឌីត ប្រចំានៅកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជាក់ថា សភាកម្ពុជា នឹងបន្តខិតខំថែមទៀតក្នុងការពង្រឹង និងពង្រីកវិស័យការទូតសភា ជាមួយសភាប្រទេសជាមិត្តនៅលើសកលលោក សំដៅគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរសភានានា។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីទំនាក់ទំនងដ៏ល្អ រវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាអារ៉ាប៊ីសាអូឌីត ដោយបានស្តែងចេញនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អ នៅក្នុងវេទិកាអង្គការអន្តរសភាក្នុងតំបន់ និងសកលលោក ដូចជា នៅក្នុងក្របខ័ណ្ឌសហភាពអន្តរសភា(IPU) និងសភាតំបន់អាស៊ី(APA) ជាដើមនោះ។ សម្តេចពញាចក្រី មានប្រសាសន៍ថា ក្នុងនាមរដ្ឋសភា សម្តេចបានគាំទ្ររាល់កិច្ចសហប្រតិបត្តិការទេ្វភាគី និងពហុភាគី ដែលរាជរដ្ឋាភិបាលកម្ពុជា និងអារ៉ាប៊ីសាអូឌីត បាននឹងកំពុងអនុវត្តជាមួយគ្នា សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។ កិច្ចសហប្រតិបត្តិការទំាងអស់នេះ មិនត្រឹមតែជាមូលដ្ឋាននាំមកនូវផលប្រយោជន៍ និងទំនាក់ទំនងល្អ រវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សា ស្ថិរភាព សន្តិសុខ សន្តិភាព ក្នុងតំបន់ និងសកលលោកផងដែរ។
ឯកឧត្តម សាអ៊ូត អាល់ សូវ៉េលីម បានសម្តែងក្តីរីករាយដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ព្រមទំាងបានសន្យាថា នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម។ ឯកឧត្តមឯកអគ្គរាជទូត បានជូនលិខិតអញ្ជើញរបស់ឯកឧត្តមប្រធានរដ្ឋសភា អារ៉ាប៊ីសាអូឌីត ចំពោះសម្តេចប្រធានរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសអារ៉ាប៊ីសាអូឌី។
សម្តេចពញាចក្រី បានទទួលយកការគោរពអញ្ជើញនេះ ដោយបានគូសបញ្ជាក់ថា នឹងរកពេលវេលាសមស្របណាមួយដើម្បីបំពេញទស្សនកិច្ចតាមការអញ្ជើញ៕