សាកសពជនរងគ្រោះវៀតណាមដែលរកឃើញក្នុងទូក្លាសេក្នុងរថយន្តកុងតឺន័រ ដឹកទំនិញនៅអង់គ្លេសបានបញ្ជូនមកដល់ប្រទេសកំណើតហើយ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


យោងតាមប្រភពពីមន្រ្តីសន្តិសុខនៃអាកាសយាន្តដ្ឋានវៀតណាម បានឲ្យដឹងថា សាកសពជនរងគ្រោះ១៦នាក់ក្នុងចំណោម ៣៩នាក់ដែលបានរកឃើញក្នុងទូក្លាសេក្នុងរថយន្តកុងតឺន័រ ដឹកទំនិញនៅចក្រភពអង់គ្លេស កាលពីខែមុនបានបញ្ជូនមកដល់ប្រទេសវៀតណាមហើយនៅព្រឹកថ្ងៃពុធនេះ។នេះតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩។
សំរាប់សាកសពចំនួន១៦នាក់នេះគឺជាការដឹកជញ្ជូនជើងហោះហើរដំបូងចេញពីទីក្រុងឡុងមកទីក្រុងហាណូយ ដែលមានរថយន្តសង្គ្រោះនិងបុគ្គលិកសន្តិសុខរង់ចាំនៅព្រលានយន្តហោះ ដើម្បីង់រង់ចាំផ្ទេរសាកសពទៅអាជ្ញាធរមូលដ្ឋានប្រគល់ជូនក្រុមគ្រួសារនៃសព។ក្រុមគ្រួសារសពស្ថិតក្នុងសភាពសោកសៅ អស់រយៈពេលជាច្រើនសប្តាហ៍រង់ចាំការវិលត្រឡប់របស់សាច់ញាតិរបស់ពួកគេដោយក្រុមគ្រួសារខ្លះបានខ្ចីប្រាក់ពីរដ្ឋាភិបាលដើម្បីទូទាត់លើថ្លៃនៃការធ្វើមាតុភូមិនិវត្តន៍សពជនរងគ្រោះ។
សូមរម្លឹកថា ជនរងគ្រោះជនជាតិវៀតណាមដែលបានស្លាប់ក្នុងទូក្លាសេនៃរថយន្តកុងតឺន័រ ដឹកទំនិញនៅប្រទេសអង់គ្លេសកាលពីខែមុន ភាគច្រើនមកពីតំបន់ក្រីក្រមួយនៅភាគកណ្តាលប្រទេសវៀតណាមដែលជាអ្នកនេសាទ ធ្វើស្រែចំការ ឬការងាររោងចក្រ។គ្រួសារជាច្រើនបានជំពាក់បំណុលរាប់ពាន់ដុល្លារដើម្បីបញ្ជូនកូនៗ របស់ពួកគេ ធ្វើចំណាកស្រុកទៅ ប្រទេសអង់គ្លេស។
ប្រភព៖ សារព័ត៌មាន Channel News Asia