ឥណ្ឌូនេស៊ីចាប់ខ្លួនជនជាតិចិនរាប់សិបនាក់ពីបទឆបោកតាមអ៊ិនធើណែត

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


អាជ្ញាធរឥណ្ឌូនេស៊ីបានឲ្យដឹង ថាជនជាតិចិនជនជាតិចិន ៨៥ នាក់និងឥណ្ឌូនេស៊ី ៦ នាក់ត្រូវបានចាប់ខ្លួននៅរដ្ឋធានីចាកាតានិងទីក្រុងម៉ាឡាង ប្រទេសឥណ្ឌូនេស៊ីពីបទឆបោកតាមអ៊ិនធើណែត ដែលធ្វើឱ្យជនរងគ្រោះខាតបង់អស់រាប់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃអង្គារទី២៦ខែវិច្ឆិកា ឆ្នាំ ២០១៩។
យោងតាមប្រភពពីប៉ូលីសឥណ្ឌូនេស៊ីបានឲ្យដឹងទៀតថា ក្រុមជនសង្ស័យទាំងនោះបានតម្រង់គោលដៅឆបោកទៅលើជនរងគ្រោះនៅក្នុងប្រទេសចិន ដោយទទួលបានទឹកប្រាក់ពីជនរងគ្រោះប្រមាណ ២លាន ៦សែន ដុល្លារ ត្រឹមតែរយៈពេល៤ខែប៉ុណ្ណោះ។ពួកគេក្លែងធ្វើជាប៉ូលីស ឬ ព្រះរាជអាជ្ញា ហើយបានហៅទៅជនរងគ្រោះតាមរយៈប្រព័ន្ធអ៊ីនធើណែតដោយប្រាប់ជនរងគ្រោះថា ពួកគេមានបញ្ហាផ្លូវច្បាប់និងទាមទារប្រាក់ដើម្បីជាថ្នូរក្នុងការដោះស្រាយបញ្ហា។ មានករណីខ្លះទៀតពួកគេក្លែងធ្វើជា អ្នកធនាគារដែលផ្តល់ការវិនិយោគជាដើម។
សូមរម្លឹកថា នៅពេលថ្មីៗនេះប្រទេសម៉ាឡេស៊ីក៏ទើបតែបង្ក្រាបបានជនជាតិចិនជិត៧០០នាក់ដែលសង្ស័យជាក្រុមប្រព្រឹត្តបទល្មើសដ៏ធំតាមប្រព័ន្ធអ៊ីនធឺណែតផងដែរ៕
ប្រភព៖ សារព័ត៌មាន Channel News Asia