កម្ពុជា និង កូរ៉េ ចុះអនុស្សរណ:យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

វិទ្យុជាតិកម្ពុជា៖

 ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Choi Kiyoung រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកូរ៉េបានចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការចុះអនុស្សរណ:យោគយល់គ្នានេះនឹងពង្រឹងលើកិច្ចសហប្រតិបត្តិការមួយចំនួនជាមួយសាធារណរដ្ឋកូរ៉េ លើផ្នែកកសាងគោលនយោបាយ និងបទដ្ឋានគតិយុត្ត ការបណ្តុះបណ្តាលធនធានមនុស្ស ការពង្រឹងប្រព័ន្ធគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ជំនាន់បន្ទាប់(5G) ផែនការនៃការគ្រប់គ្រងវិសាលគមន៍ហ្វ្រេកង់វិទ្យុ ផែនការនៃបម្រែបម្រួលឌីជីថល សន្តិសុខព័ត៌មានវិទ្យា វិស័យព័ត៌មានវិទ្យាសម្រាប់ឧស្សាហកម្ម ហត្ថលេខាឌីជីថល អ៊ីនធឺណិតនៃវត្ថុ បញ្ញាសិប្បនិម្មិត Big Data ជាដើម។ ម៉្យាងទៀតកិច្ចសហប្រតិបត្តិការនេះ នឹងជួយជំរុញល្បឿននៃការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ នាពេលខាងមុខ។

គូសបញ្ជាក់ផងដែរ សាធារណរដ្ឋកូរ៉េ គឺជាប្រទេសមួយដែលនាំមុខគេលើវិស័យ ICT នៅលើពិភពលោក។ នាឱកាសនៃដំណើរបេសកកម្មនោះគណ:ប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា បានទស្សនាពិព័រណ៍ទីក្រុងឆ្លាតវ័យ អាស៊ាន-កូរ៉េ ឆ្នាំ២០១៩ ដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃការរៀបចំទីក្រុងឆ្លាតវៃនៃបណ្តាប្រទេសអាស៊ាន និងសាធារណរដ្ឋកូរ៉េ ផងដែរ៕

(ប្រភពៈផេកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍)