ចាប់ពីខែមករា ឆ្នាំ២០២០តទៅ អ្នកដែលប្រើប្រាស់ទឹកស្អាតកាន់តែតិច គឺទទួលបានតម្លៃកាន់តែកាន់តែទាប

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា

ភ្នំពេញ៖ ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានអៈអាងថា ឆ្នាំ២០២០ខាងមុខនេះ តម្លៃ ប្រើប្រាស់ទឹកស្អាតកាន់តែទាបចំពោះអ្នកប្រើប្រាស់តិច ដើម្បីលើកកម្ពស់​ការកាត់បន្ថយចំណាយចំពោះ អ្នកដែលប្រើប្រាស់ទឹកដោយសន្សំសំចៃ។

ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានកែទម្រង់សេវាប្រើប្រាស់ទឹកស្អាតឆ្នាំ២០២០ ដោយកំណត់ចំនួនអ្នកប្រើប្រាស់កាន់តែតិចទទួលបានការបញ្ចុះតំលៃទាបជាងមុន ប៉ុន្តែសម្រាប់ អ្នកប្រើប្រាស់កាន់តែច្រើននឹងត្រូវតម្លើងថ្លៃជាងមុន។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងឧស្សាហកម្មនឹងសិប្បកម្មបានអោយដឹងថា ចាប់ពីខែមករា២០២០តទៅ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានបែងចែកអតិថិជនជាបីប្រភេទ ដោយទី១ អតិថិជនសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទឹកមិនលើសពី៧ម៉ែត្រគូប ក្នុង១ខែមានតំលៃ៤០០រៀលក្នុង១ម៉ែត្រគូប ចាប់ពី២៦ទៅដល់៥០ម៉ែត្រគូបមានតំលៃ១២៥០រៀល ចាប់ពី ៥១ដល់១០០ម៉ែត្រគូបមានតំលៃ១៩០០រៀល និងមានតំលៃ ២២០០រៀលបើប្រើអស់លើសពី១០០ម៉ែត្រគូបឡើងទៅ។ ទី ២ ចំពោះអតិថិជនអាជីវកម្មដែលប្រើលើសពី ១៥ម៉ែត្រគូបក្នុង១ខែមានតំលៃ៩៥០រៀលក្នុង១ម៉ែត្រគូប ចាប់ពី១០១ទៅ២០០ម៉ែត្រគូបក្នុង១ខែមានតំលៃ ១៧០០ រៀល និងចាប់ពី២០១ទៅដល់៥០០ម៉ែត្រគូបក្នុង១ខែមានតំលៃ២១០០រៀលនិងតំលៃ២៤០០រៀលបើប្រើលើសពី៥០០ម៉ែត្រគូបឡើងទៅ។ ចំណែកទី ៣ ចំពោះអតិថិជនជាក្រសួង ស្ថាប័ន អង្គភាព ឫ ស្ថានទូត មិនកំណត់បរិមាណទឹកប្រើប្រាស់ទេដោយមានតំលៃ ២៥០០រៀលក្នុង ១ម៉ែត្រគូប ។

សេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា ការអនុវត្តវិធានការដូចគឺដើម្បីលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋបានប្រើប្រាស់ដោយមានសន្សំសំចៃ មិនខ្ជះខ្ជាយ ដើម្បីធានាបានការផ្គត់ផ្គង់ ទឹកស្អាតជូនប្រជាពលរដ្ឋតាមតម្រូវការ។ក្រសួងបានតម្រូវឲ្យសហគ្រាសសាធារណៈនិងឯកជន ជាង ២០០អង្គភាព ក្នុងនោះអង្គភាពរដ្ឋាករសាធារណៈមានចំនួន១៣អង្គភាព ត្រូវអនុវត្តន៍តាមសេចក្តីជូនដំណឹងនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះការចែកចាយទឹកស្អាតអោយប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ប្រើប្រាស់នៅតាមផ្ទះគឺមានតំលៃចាប់ពីជាង ៥០០រៀលទៅ ៧៥០រៀលក្នុង១ម៉ែត្រគូប៕