គណៈកម្មការទន្លេមេគង្គអនុម័តយុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួតសម្រាប់រយៈពេល៦ឆ្នាំខាងមុខ

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី

ភ្នំពេញ៖   គណៈកម្មការទន្លេមេគង្គ ដែលមានសមាជិកចំនួន៤ប្រទេស គឺកម្ពុជា ឡាវ ថៃ និងវៀតណាម បានសម្រេចអនុម័តយុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួត សម្រាប់រយៈពេល៦ឆ្នាំខាងមុខ ដើម្បីផ្តល់លទ្ធភាពឲ្យប្រទេសជាសមាជិក ត្រៀមខ្លួន និងគ្រប់គ្រងគ្រោះរាំងស្ងួតរួមគ្នា។

សេចក្តីប្រកាសរួមរបស់គណៈកម្មការទន្លេមេគង្គ បានឲ្យដឹងថា យុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួត សម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២៥នេះ រួមបញ្ចូលនូវសូចនាករពិនិត្យតាមដានស្ថានភាពដី សំណើមដី ស្ថានភាពដំណាំ និងលំហូរទឹកក្នុងរដូវប្រាំង ព្រមទាំងការព្យាករណ៍គ្រោះរាំងស្ងួតនិងការប្រកាសអាសន្ន ការកសាងសមត្ថភាពរៀបចំផែនការ និងវាយតម្លៃស្ថានភាពគ្រោះរាំងស្ងួត ក៏ដូចជាវិធានការកាត់បន្ថយហានិភ័យ និងប្រព័ន្ធចែករំលែកព័ត៌មាន។
ក្នុងចំណោមផែនការជាច្រើន គឺផ្តល់អាទិភាពលើការបញ្ចប់ដំណើរការពិគ្រោះយោបល់ជាមុនសម្រាប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីលួងប្រាបាង ការអនុវត្តពិនិត្យនិងតាមដានបរិស្ថានរួមគ្នាសម្រាប់ទំនប់មេ គ្រោះរាំងស្ងួត និងយុទ្ធសាស្រ្តវារីអគ្គិសនី ព្រមទាំងជំរុញភាពជាដៃគូជាមួយនឹងប្រទេសចិន និងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឲ្យកាន់តែប្រសើរ។
ថ្លែងក្រោយការអនុម័តយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងគ្រោះរាំងស្ងួតរបស់បណ្តាប្រទេសតាមដងទន្លេមេគង្គ ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាន់ខ្ពស់គណៈកម្មការទន្លេមេគង្គ ដែលធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែវិច្ឆិកានេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មានប្រសាសន៍ថា យុទ្ធសាស្ត្រនេះ នឹងជួយកាត់បន្ថយនូវផលប៉ះពាល់ពីគ្រោះរាំងស្ងួតលើប្រជាជន និងប្រព័ន្ធធនធានទឹក ក៏ដូចជាជួយអភិវឌ្ឍន៍សមត្ថភាព ក្នុងការសម្របខ្លួនរបស់ប្រទេសជាសមាជិក និងជួយជំរុញប្រព័ន្ធចែករំលែកព័ត៌មាន ព្យាករណ៍ និងប្រកាសអាសន្នឲ្យកាន់តែប្រសើរជាងមុន។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា យុទ្ធសាស្ត្រនេះជាផ្នែកមួយនៃការខិតខំប្រឹងប្រែងបន្តរបស់គណៈកម្មាការទន្លេមេគង្គ ដើម្បីគាំទ្រដល់បណ្តាប្រទេសជាសមាជិកក្នុងការប្រយុទ្ធប្រឆាំងទៅនឹងគ្រោះរាំងស្ងួតនាពេលបច្ចុប្បន្ន និងក្នុងពេលអនាគត ដែលផ្តល់ផលប៉ះពាល់ទាំងនៅកម្រិតថ្នាក់ជាតិ និងឆ្លងដែន។
សេចក្តីប្រកាសព័ត៌មានគណៈកម្មការទន្លេមេគង្គ បានឲ្យដឹងដែរថា ការអនុវត្តយុទ្ធសាស្ត្រនេះ ត្រូវការចំណាយថវិកាប្រមាណ២.៤លានដុល្លារ ដោយមានការជួយឧបត្ថម្ភពីបណ្តាប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍ ខណៈក្រុមប្រឹក្សាដែលជាស្ថាប័នរដ្ឋមន្ត្រីខ្ពស់ជាងគេ និងមានសមាសភាពរដ្ឋមន្ត្រីពីក្រសួងធនធានទឹក និងបរិស្ថានពីបណ្តាប្រទេសជាសមាជិកទាំង៤ ក៏បានអនុម័តលើផែនការការងារប្រចាំឆ្នាំ២០២០-២០២១ ជាមួយនឹងកញ្ចប់ថវិកាចំនួនជាង១៣លានដុល្លារផងដែរ សម្រាប់ប្រតិបត្តិការសកម្មភាព និងកិច្ចការ រួមទាំងថវិកាពាក់ព័ន្ធក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ស្ថាប័ននៅក្នុងកម្រិតថ្នាក់តំបន់។
សូមបញ្ជាក់ថា យុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួតក្នុងរយៈពេល៦ឆ្នាំខាងមុខ របស់គណៈកម្មការទន្លេមេគង្គនេះ គឺធ្វើឡើងបន្ទាប់ពីការសិក្សា បានបង្ហាញថា ហ្វ្រេកង់ និងកម្រិតធ្ងន់ធ្ងរនៃគ្រោះរាំងស្ងួតនៅក្នុងតំបន់ទន្លេមេគង្គ បានបន្តកើនឡើង និងបណ្តាលឲ្យកម្រិតទឹកទន្លេមេគង្គធ្លាក់ក្នុងកម្រិតទាបបំផុត មិនធ្លាប់មានក្នុងកំឡុងពេល៦០ឆ្នាំចុងក្រោយនេះ។
គណៈកម្មការទន្លេមេគង្គ បានលើកជាឧទាហរណ៍ថា គ្រោះរាំងស្ងួតចុងក្រោយបង្អស់ក្នុងឆ្នាំ២០១៦ បានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសថៃបាត់បង់ថវិកាអស់ប្រមាណ១.៧០០លានដុល្លារ ខណៈនៅកម្ពុជា មានខេត្តចំនួន១៨ ក្នុងចំណោមខេត្តទាំង២៥ បានជួបប្រទះនឹងបញ្ហាកង្វះទឹក ដោយសារតែគ្រោះរាំងស្ងួតនេះផងដែរ ដោយបណ្តាលឲ្យប្រជាជន២លាន៥សែននាក់មិនមានទឹកប្រើប្រាស់គ្រប់គ្រាន់៕