ក្រសួងកិច្ចការនារីជំរុញឲ្យយុវជនបង្កើនការចូលរួមលើកកម្ពស់សមភាពយេនឌ័រនៅតាមក្រសួងស្ថាប័រដ្ឋ និងអង្គការជាតិ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ៖

ក្រសួងកិច្ចការនារីជំរុញឲ្យយុវជនបង្កើនការចូលរួមលើកកម្ពស់សមភាពយេនឌ័រនៅតាមក្រសួងស្ថាប័រដ្ឋ និងអង្គការជាតិ ដើម្បីធានាឲ្យគ្រប់ភាគីបានចូលរួមអភិវឌ្ឍសង្គមស្មើភាពដូចៗគ្នា។

ក្រសួងកិច្ចការនារីសម្រេចជ្រើសរើសយុវជនចំនួន២០រូបពីគ្រប់ក្រសួង ស្ថាប័នរដ្ឋ អង្គការជាតិនីមួយៗដើម្បីអោយចូលរួមរៀនសូត្រសិក្សាស្វែងយល់អំពីស្ថានភាពយេនឌ័រនៅក្នុងសង្គមនិងចំណេះដឹងផ្សេងៗទៀត ក្នុងគោលដៅឈានទៅលើកកម្ពស់សមភាពយេនឌ័រ នៅក្រសួងស្ថាប័នរបស់ខ្លួន ។

លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានតម្រង់ទិសបំផុសគំនិតយុវជនឲ្យក្លាយជាដៃគូរយ៉ាងសំខាន់ក្នុងការរួមចំណែកលើកកម្ពស់យេនឌ័រ និងលើកកម្ពស់ភាពជាអ្នកដឹកនាំតាមរយៈការផ្លាស់ប្តូរនៅផ្នត់គំនិត និងការអនុវត្តន៍ផ្ទាល់រួមទាំងការធ្វើការងារជាក្រុម ។
លោកជំទាវបន្តថា ដើម្បីពង្រឹងនិងពង្រីកការបញ្ជ្រាបយេនឌ័រឲ្យកាន់តែស៊ីជំរៅ រាជរដ្ឋាភិបាលបានផ្តោតលើសមាសភាព៣សំខាន់រួមមាន ៖ ទី១ ការពង្រឹងស្ថាប័ន និងយន្តការក្នុងការអនវត្តគោលនយោបាយសមភាពយេនឌ័រ ទី២ ការផ្លាស់ប្តូរឥរិយាបថ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រីកការទទួលជាសាធារណៈលើមុខងាររបស់ក្រសួងកិច្ចការនារី ក្នុងចំណោមយុវវ័យ និងទី៣ ការលើកកម្ពស់ស្រ្តីក្នុងកម្រិតធ្វើសេចក្តីសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ។

សូមបញ្ជាក់ថា កម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជន គឺដើម្បីលើកកម្ពស់សមភាពយេនឌ័រ ជាកម្មវិធីមួយរបស់ក្រសួងកិច្ចការនារី ដែលផ្តល់ការអភិវឌ្ឍសមត្ថភាពដល់និស្សិតប្រុស ស្រីដែលកំពុងសិក្សាតាមគ្រឹះស្ថានឧត្តមសិក្សា និងមន្ត្រីវ័យក្មេងនៅតាមក្រសួងស្ថាប័នរដ្ឋ ដែលកម្មវិធីនេះមានរយៈពេល១២ខែ ៕