កម្ពុជាស្នើឲ្យកូរ៉េជួយលើកកម្ពស់សមត្ថភាពនគរបាលនៅកម្ពុជា

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ២៦ ១១ ១៩៖

កម្ពុជាបានស្នើឲ្យកូរ៉េជួយលើកកម្ពស់សមត្ថភាពមន្រ្តីនគរបាលនៅកម្ពុជា ដើម្បីទទួលបានជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ក្នុងកិច្ចគាំពារសន្តិសុខសណ្តាប់សង្គម។
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានស្នើសុំឲ្យភាគីកូរ៉េជួយបណ្តុះបណ្តាលបំប៉នជំនាញសំខាន់ៗមួយចំនួនដល់គ្រូបង្គោលនៃបណ្ឌិត្យសភានគរបាលកម្ពុជាដើម្បីមានជំនាញ និងបទពិសោធន៍ថ្មីៗយកមកអភិវឌ្ឍន៍សមត្ថភាពមន្រ្ដីនគរបាលនៅកម្ពុជា។
ការស្នើរសុំនេះ បានធ្វើឡើងក្នុងឱកាសគណៈប្រតិភូបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ នៃសាធារណរដ្ឋកូរ៉េដឹកនាំដោយ លោក លីដុងស៊ុប អញ្ជើញមកបំពេញទស្សនកិច្ច នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារបណ្តុះបណ្តាលកងកម្លាំងនគរបាល នៃប្រទេសទាំងពីរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សេង ផល្លី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ ក្រោមកិច្ចសហប្រតិបត្តិការជាដៃគូ រវាងស្ថាប័នទាំងពីរ ក្នុងគោលបំណងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។
ជាការឆ្លើយតប លោក លី ដុងស៊ុប ( Mr. Lee Dong Seop ) ប្រធានគណៈប្រតិភូ បានទទួលយកសំណូមពរទាំងអស់របស់ភាគីកម្ពុជា ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច ដើម្បីឆ្លើយតបមកបណ្ឌិត្យសភាឱ្យបានទាន់ពេលវេលា ។
លោកប្រធានគណៈប្រតិភូកូរ៉េ បានថ្លែងការកោតសរសើរដល់វឌ្ឍនភាពគ្រប់ផ្នែករបស់បណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ។
ក្នុងឱកាសនោះ គណៈប្រតិភូកូរ៉េ ក៏បានអញ្ជើញឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ទៅបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាដៃគូនៃស្ថាប័នទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ៕