កូរ៉េខាងត្បូងសម្តែងការសោកស្តាយចំពោះការធ្វើសមយុទ្ធបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង 

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា  ឆ្នាំ២០១៩ — កាលពីថ្ងៃចន្ទកូរ៉េខាងត្បូងបានសម្តែងការសោកស្តាយ ចំពោះការធ្វើសមយុទ្ធបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង នៅក្នុងកោះព្រំដែនអន្តរកូរ៉េមួយ ។

អ្នកនាំពាក្យក្រសួងការពារប្រទេស លោក ឆយ យុន-សូ បានប្រាប់សន្និសីទកាសែតមួយថា សម​យុទ្ធ​បាញ់កាំភ្លើងធំនេះ គឺជាការរំលោភលើកិច្ចព្រមព្រៀងយោធាដ៏ទូលំទូលាយ ដែលពួកអាជ្ញាធរយោធា ​កូរ៉េទាំងពីរបានព្រមព្រៀងគ្នា នឹងបានអនុវត្តន៍យ៉ាងពេញលេញនោះ ។

លោក ឆយ បានទទូចដល់កូរ៉េខាងជើងឱ្យបញ្ឈប់ជាបន្ទាន់គ្រប់​សកម្មភាពយោធាទាំងអស់​ដែលគេ​ភ័យខ្លាចធ្វើឱ្យរឹតតែខ្លាំងភាពតានតឹងយោធានៅក្នុងតំបន់ ព្រំដែនអន្តរកូរ៉េនឹងឱ្យអនុវត្តន៍ទាំងស្រុងកិច្ចព្រមព្រៀងយោធានេះ ដើម្បីការពារកុំឱ្យកើតឡើងទៀតនូវសមយុទ្ធបែបនេះ ។

អត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការ (  KCNA ) របស់កូរ៉េខាងជើង​រាយការណ៍កាលពីថ្ងៃចន្ទនេះថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន បានត្រួតពិនិត្យមើល​កងយោធាមួយនៅក្នុងកោះ Changrin ដែលបានធ្វើសមយុទ្ធកាំភ្លើងធំបាញ់គ្រាប់ពិតនោះ ។

កោះ Changrin ស្ថិតនៅខាងជើងបន្តិចនៃព្រំដែនសមុទ្រអន្តរកូរ៉េ ។ វាជាការរំលោភលើកិច្ចព្រមព្រៀងយោធា ដែលបានចុះហត្ថលេខាដោយប្រមុខការពារប្រទេស របស់​កូរ៉េទាំងពីរក្នុងអំឡុងកិច្ចប្រជុំកំពូលលើកទី៣រវាងលោក គីម និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា-អ៊ីន ( Moon Jae-in ) ក្នុងក្រុងព្យុងយ៉ាងកាលពីខែកញ្ញា កន្លងទៅ ។

នៅក្រោមកិច្ចព្រមព្រៀងនេះកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានព្រមព្រៀងគ្នាបញ្ឈប់សកម្មភាព អមិត្តទាំងអស់នៅក្នុងតំបន់ ព្រំដែនដោយបង្កើតតំបន់ទ្រនាប់នៅលើដី, សមុទ្រ និងអាកាសដើម្បីការ​ពារ កុំឱ្យមានការប៉ះទង្គិចគ្នាដោយចៃដន្យនោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)