អង់គ្លេសយកត្រឡប់ទៅវិញកាកសំណល់ប្លាស្ទិច៤២កុងតឺន័រពីប្រទេសម៉ាឡេស៊ី 

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា   ឆ្នាំ២០១៩ — រដ្ឋាភិបាលទាំងពីរបាននិយាយពីថ្ងៃចន្ទថា ប្រទេសអង់គ្លេសបានព្រមព្រៀងយកកាក​សំណល់​ប្លា​ស្ទិច ​ដែលដឹកជញ្ជូនដោយខុសច្បាប់មាន៤២កុងតឺន័រត្រឡប់ទៅវិញ​ ពីប្រទេសម៉ាឡេស៊ី ស្របទៅតាម​អនុ​​សញ្ញា Basel ។

ក្រសួងថាមពល,វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, បរិស្ថាន និងការផ្លាស់ប្តូរធាតុអាកាសបាននិយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍រួមមួយថា ពួកអាជ្ញាធរ និងភ្នាក់ងារដឹកជញ្ជូន បច្ចុប្បន្នកំពុងធ្វើការងារ​ជាមួយគ្នា​នៅ​ក្នុងដំណើរការធ្វើមាតុភូមិនិវត្តន៍នេះ ។

តាមសេចក្តីថ្លែងការណ៍នោះឱ្យដឹងថា កុងតឺន័រដែលបានមកដល់កំពង់ផែប៉េណាង ​របស់ប្រទេស​ ម៉ាឡេស៊ី នៅចន្លោះខែមីនា ឆ្នាំ ២០១៨ និងខែមិនា ឆ្នាំ២០១៩ គេយល់ថា ខុសច្បាប់នៅពេលដែល​គេមិន​បានធ្វើតាមឯកសារនាំចូលដែលចាំបាច់ ។

សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីទស្សនកិច្ចមួយថ្មីៗនេះ ធ្វើឡើងដោយទីភ្នាក់ងារបរិស្ថាន ( EA) អង់គ្លេសដែលរៀបចំឡើងដោយគណៈកម្មការជាន់ខ្ពស់អង់គ្លេស ក្នុងការឆ្លើយតបទៅនឹងព័ត៌មានពីការដឹកជញ្ជូនខុសច្បាប់នូវកាកសំណល់ប្លាស្ទិចពីប្រទេសអង់គ្លេសនោះ ។

រដ្ឋមន្ត្រី  MESTECC លោកស្រី Yeo Bee Yin បាននិយាយថា សកម្មភាពការងារបង្ការយ៉ាងជិតស្និទ្ធ​របស់គណៈកម្មការជាន់ខ្ពស់ជាមួយក្រសួងក្នុងការធ្វើមាតុភូមិនិវត្តន៍កុងតឺន័រនាំចូលប្លាស្ទិចចំនួន៤២នៅក្នុងកំពង់ផែប៉េណាង នោះ គឺគួរឱ្យសរសើរខ្លាំងណាស់ ។

ស្នងការជាន់ខ្ពស់អង់គ្លេសនៅម៉ាឡេស៊ី លោក Charles Hay ក៏បាននិយាយផងដែរថា រដ្ឋាភិបាល អង់គ្លេសមានការព្រួយបារម្ភដូចគ្នាដូចរដ្ឋាភិបាលម៉ាឡេស៊ី ដែរ ស្តីពីបញ្ហាកាកសំណល់ប្លាស្ទិចនេះ ។

លោកបាននិយាយបន្ថែមថា ការធ្វើមាតុភូមិនិវត្តកុងតឺន័រ៤២នេះឆ្លុះបញ្ចាំងឱ្យឃើញនូវការសន្យា​របស់យើងដើម្បីប្រយុទ្ធនឹងពាណិជ្ជកម្មកាកសំណល់ប្លាស្ទិចខុសច្បាប់នេះ ។ យើងទន្ទឹងរងចាំធ្វើការងារ​ជា​មួយម៉ាឡេស៊ី លើរបៀបវារដ៏ធំទូលាយនៃការអភិរក្សបរិស្ថាន ​ព្រមទាំងដោះស្រាយការ​ផ្លាស់ប្តូរធាតុអាកាស​ជាពិសេសជាមួយចក្រភពអង់គ្លេស ដែលនឹងក្លាយទៅជាប្រធានរួមគ្នានៃសន្និសីទ​លើកទី២៤ នៃភាគី​អនុ​សញ្ញា​ក្របខណ្ឌ អ.ស.ប ស្តីពីការផ្លាស់ប្តូរធាតុអាកាសនៅឆ្នាំខាងមុននេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )