ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — នារសៀលថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តមសុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់កងកម្លាំងទាំងបីប្រភេទដែលបានខិតខំការពាររក្សានូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរក្នុងពេលកន្លងមក។ លើសពីនេះទៀត ឯកឧត្តមបានជំរុញដល់អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំទប់ស្កាត់ចាត់វិធានការឱ្យបានទាន់ពេលវេលា នូវការបង្ក្រាបបទល្មើសនេសាទ បទល្មើសព្រៃឈើ បញ្ហាគ្រឿងញៀន និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ។

ជាមួយគ្នានោះដែរ ឯកឧត្តមបានសង្កត់ធ្ងន់ថា អាជ្ញាធរក្រុង ស្រុក ត្រូវធ្វើការចុះបញ្ជីផ្សារនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានត្រឹមត្រូវ ចំពោះស្រុកណាដែលមិនទាន់មានផ្សារលក់ដូរត្រឹមត្រូវ សូមអភិបាលក្រុង ស្រុក ត្រូវជ្រើសរើសទីតាំងណាមួយសមស្រប ដើម្បីបង្កើតជាផ្សារនៅទីនោះ និងរកទីតាំងសម្រាប់ចាក់សំរាមផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំសហការគ្នាប្រារព្ធពិធីបុណ្យជាតិធំៗនៅក្នុងខេត្តកំពង់ធំកន្លងមក ទទួលបានជោគជ័យ ៕

ដោយ ស៊ុម វណ្ណា