អ្នកផលិតសំបុកត្រចៀកកាំស្នើរដ្ឋាភិបាលពន្លឿនការបំពេញបែបបទសម្រាប់ការនាំចេញទៅប្រទេសចិន

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖  អ្នកផលិតសំបុកទឹកមាត់ត្រចៀកកាំ ស្នើរាជរដ្ឋាភិបាលពន្លឿនការបំពេញបែបបទ សម្រាប់ការនាំចេញទៅ ប្រទេសចិន ដើម្បីជួយដល់កសិករប្រកបអាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំ និងអ្នកកែច្នៃផលិតផលសំបុកទឹកមាត់ត្រចៀកកាំទទួលបានសេដ្ឋកិច្ចកាន់តែប្រសើរថែមទៀត។

លោកឧកញ៉ា ណាង សុធី ប្រធានសហព័ន្ធត្រចៀកកាំកម្ពុជា ដែលតំណាងឲ្យ អ្នកផលិតសំបុកទឹកមាត់ត្រចៀកកាំជាង១.៥០០កន្លែងនៅទូទាំងប្រទេសកម្ពុជា បានលើកឡើងថា មកដល់ពេលនេះ កសិករប្រកបអាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំ និងអ្នកកែច្នៃផលិតពីទឹកមាត់ត្រចៀកកាំកំពុងរង់ចាំរាជរដ្ឋាភិបាលក្នុងការពន្លឿនឯកសារសម្រាប់នាំចេញទៅប្រទេសចិន។

ថ្លែងក្នុងសិក្ខាសាលាស្តីអំពីរចនាបថចុងក្រោយនៃផ្ទះអភិរក្សត្រចៀកកាំ កាលថ្ងៃទី២៤ ខែវិច្ឆិកា លោកឧកញ៉ា បានបញ្ជាក់ថា បច្ចុប្បន្ននិន្នាការនៃការចិញ្ចឹមសត្វត្រចៀកកាំបានស្ទុះឡើងយ៉ាងលឿននៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ ដោយសារអ្នកចិញ្ចឹមមានក្តីរំពឹងទៅលើទីផ្សារប្រទេសចិន ស្របពេលដែលបច្ចេកវិទ្យាថ្មីៗ សម្រាប់ការចិញ្ចឹមក៏មានភាពងាយស្រួលជាងមុន។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានជំរុញឲ្យអ្នកប្រកបអាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំយកទឹកមាត់ និងអ្នកកែច្នៃពីផលិតផលកសិកម្មនេះទាំងអស់ធានាបាននូវគុណភាព និងអនាម័យតាមលក្ខខណ្ឌតម្រូវ មុននឹងឈានទៅដល់ការនាំចេញទៅកាន់ប្រទេសចិន។ ឯកឧត្តម មានប្រសាសន៍ថា មកដល់បច្ចុប្បន្ន ភាគីចិនបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជាបំពេញនីតិវិធីសម្រាប់ការចេញនាំចេញផលិតផលទឹកមាត់ត្រចៀកកាំ និងម្រេច ក្នុងពេលដំណាលគ្នា សម្រាប់ការនាំចេញទៅកាន់ប្រទេសចិនហើយ។

ដូចគ្នានេះ ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានណែនាំឲ្យអ្នកប្រកបអាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំយកទឹកមាត់ទាំងអស់ ឲ្យយល់ដឹងកាន់តែច្បាស់នូវវិធីសាស្រ្តអភិរក្សដែលទទួលបានទិន្នផលខ្ពស់ និងអនុវត្តឲ្យត្រូវតាមលក្ខណៈស្តង់ដារនៃទីផ្សារ និងលក្ខខណ្ឌតម្រូវក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

តាមការប៉ាន់ស្មាន ក្នុង១ខែ កម្ពុជាអាចប្រមូលផលសំបុកត្រចៀកកាំបានយ៉ាងតិចចន្លោះពី៨០០ ទៅ១.៥០០គីឡូក្រាម ស្របពេលបច្ចុប្បន្នសំបុកត្រចៀកកាំដែលមិនទាន់សម្អាត មានតម្លៃចន្លោះពី៧៥០ដុល្លារទៅ៨៥០ដុល្លារ ក្នុង១គីឡូក្រាម និងសំបុកដែលសម្អាតរួច មានតម្លៃចន្លោះពី១.៥០០ដុល្លារ រហូតដល់៣.៥០០ដុល្លារ ក្នុង១គីឡូក្រាម។

សូមបញ្ជាក់ថា សហព័ន្ធត្រចៀកកាំកម្ពុជា បានធ្វើការជួបជុំអ្នកផលិត និងអ្នកនាំចេញផលិតផលទឹកមាត់ត្រចៀកកាំនៅកម្ពុជា ដើម្បីរិះរកវិធីសាស្ត្រអភិវឌ្ឍន៍សំបុកទឹកមាត់ត្រចៀកកាំដូចជា ផ្នែកបច្ចេកទេសក្នុងការរៀបចំលំនៅឋានរបស់សត្វត្រចៀកកាំនិងការថែទាំ ការកែច្នៃផលិតផលទៅជាផលិតផលសំរេច សំដៅជំរុញឲ្យកំណើនការនាំចេញទៅកាន់ទីផ្សារបរទេសឲ្យកាន់តែច្រើនឡើង៕
អត្ថបទ៖ វ៉ាង ភក្តី ២៥ ១១ ២០១៩