គណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជាទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានប្រឆាំងបទឧក្រិដ្ឋឆ្លងដែន

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ គណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការងារឧក្រិដ្ឋ កម្មឆ្លងដែន និងកិច្ចប្រជុំពាក់ព័ន្ធនានា លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេស ថៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកានេះ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាយុទ្ធច័ន្ទអូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនចេញដំណើរទៅចូលរួមក្នុងប្រជុំ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ នឹងលើកឡើងពីបញ្ហាការរួមគ្នា ក្នុងក្របខណ្ឌអាស៊ាន ដើម្បីទប់ស្កាត់ ការជួញដូរអាវុធខុសច្បាប់ ការជួញដូរគ្រឿងញៀនខុសច្បាប់ ការសម្អាតប្រាក់ ការជួញដូរមនុស្ស ការរត់ពន្ធមនុស្ស អំពើភេរវកម្ម ការប្លន់តាមផ្លូវសមុទ្រ ការជួញដូរសត្វព្រៃ និងឈើខុសច្បាប់ ជាដើម។

ឯកឧត្តម មានប្រសាសន៍ថា កម្ពុជា ត្រូវបានចាត់ទុកជារដ្ឋគំរូមួយ ក្នុងការចូលរួមទប់ស្កាត់នឹងបទ ល្មើសនានា ដែលកើតចេញពីឧក្រិដ្ឋកម្មឆ្លងដែន។

ឯកឧត្តម បន្តថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការងារឧក្រិដ្ឋកម្មឆ្លងដែននេះ ក៏នឹងមានការចូលរួមពីឧត្តមមន្ត្រីពីប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង ដែលផ្តោតលើបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនផងដែរ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍ សម្រាប់ទាំងអស់គ្នា។

សូមបញ្ជាក់ថា អាស៊ានតែងតែលើកឡើងនូវបញ្ហាគ្រឿងញៀន ដែលមានការពាក់ព័ន្ធជិតស្និទ្ធទៅនឹងឧក្រិដ្ឋកម្មផ្សេងៗក្នុងការជួញដូរមនុស្ស ការលាងលុយកខ្វក់ រត់ព័ន្ធអាវុធខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីរកវិធីសាស្ត្រទប់ស្កាត់នូវការបង្កផលប៉ះពាល់យ៉ាងច្រើន ទៅលើសុខុមាលភាព សេដ្ឋកិច្ចរបស់ប្រជាជន សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍរបស់ជាតិ។

ដូចគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏តែងតែបង្ហាញជំហរចូលរួមពង្រឹងសកម្មភាពប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែននានា តាមរយៈចូលរួមសហការផ្តល់ព័ត៌មានដែលឈានទៅការទប់ស្កាត់ បង្ក្រាបសកម្មភាពនៃឧក្រិដ្ឋកិច្ចឆ្លងដែន និងភេរវកម្ម ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍ សម្រាប់ទាំងកម្ពុជា និងសកលោក៕
អត្ថបទ៖ វ៉ាង ភក្តី ២៥ ១១ ២០១៩