កូរ៉េខាងត្បូង និងជប៉ុនព្រមព្រៀងគ្នាក្នុងការសម្របសម្រួលកិច្ចប្រជុំកំពូល រវាងលោក មូន និងលោក អាបេ នៅក្នុងខែក្រោយ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩​ — អ្នកការទូតកំពូលរបស់ទីក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានព្រមព្រៀងគ្នាកាលពីថ្ងៃសៅរ៍ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យមានជំនួបកំពូល រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន និងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលជាផ្នែកមួយនៃកិច្ចប្រជុំត្រីភាគីដែលបានគ្រោងទុក របស់ពួកគេជាមួយប្រទេសចិននៅខែក្រោយ។

រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានធ្វើការកត់សម្គាល់ដូចនេះបន្ទាប់ពីបានជួបពិភាក្សាជាមួយសមភាគីជប៉ុន លោក Toshimitsu Motegi ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំង ២០ នៅទីក្រុង Nagoya ប្រទេសជប៉ុន មួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូលបាន     ពន្យារពេលផុតកំណត់នៃកតិកាសញ្ញាចែករំលែកព័ត៌មានយោធាទ្វេភាគី។

កិច្ចចរចារបស់ពួកគេបានកើតឡើងចំពេលមានការរំពឹងទុកថា ការសម្រេចចិត្តរបស់ទីក្រុងសេអ៊ូលដើម្បីបញ្ឈប់ការបញ្ចប់កិច្ចព្រមព្រៀងសន្តិសុខព័ត៌មានទូទៅយោធា ( GSOMIA ) នឹងបង្កើតឱកាសថ្មីដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងតូក្យូអំពីពាណិជ្ជកម្ម និងប្រវត្តិសង្គ្រាម។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងកិច្ចប្រជុំកំពូលនេះ លោកស្រី Kang បាននិយាយថា «បញ្ហានេះត្រូវបានលើកឡើងនៅក្នុងកិច្ចចរចា (ជាមួយ Motegi) ហើយយើងបានយល់ព្រមសម្របសម្រួលគ្នាដើម្បីធ្វើឱ្យកិច្ចប្រជុំកំពូលនេះអាចធ្វើទៅបាន»។

លោក មូន និងលោក អាបេ ព្រមទាំងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវបានគេរំពឹងថា នឹងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីនៅទីក្រុង Chengdu ខេត្តស៊ីឈួន ប្រទេសចិន នៅចុងខែក្រោយ។

ទីក្រុងសេអ៊ូលបានបញ្ចប់សេចក្តីសម្រេចកាលពីថ្ងៃសុក្រដើម្បីពន្យារពេលការផុតកំណត់ GSOMIA ចំពេលមានសម្ពាធយ៉ាងខ្លាំងរបស់ទីក្រុងវ៉ាស៊ីនតោនទៅលើទីក្រុងសេអ៊ូលឱ្យស្ថិតនៅក្នុងកតិកាសញ្ញាដែលវាមើលឃើញថា ជាឧបករណ៍សំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី ជាមួយសម្ព័ន្ធមិត្ត        អាស៊ី។

ទន្ទឹមនឹងការសម្រេចចិត្តនេះ កូរ៉េខាងត្បូង និងជប៉ុន បានយល់ព្រមបន្តកិច្ចចរចាថ្នាក់ដឹកនាំទូទៅលើបញ្ហាការគ្រប់គ្រងការនាំចេញរបស់ពួកគេ រួមទាំងការទប់ស្កាត់ការនាំចេញសំដៅទៅទីក្រុងសេអ៊ូលផងដែរ។

ការសម្រេចចិត្តដ៏គួរឱ្យកត់សម្គាល់នេះ បានរាប់បញ្ចូលនូវកិច្ចខិតខំប្រឹងប្រែងការទូតជាច្រើនសប្តាហ៍ ដោយទីក្រុងសេអ៊ូល ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោកំពុងទប់ស្កាត់ការផុតកំណត់នៃ GSOMIA ដែលត្រូវបានគ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)