មូលនិធិគន្ធបុប្ផាកម្ពុជាប្រគល់ថវិកាជាង១០លានដុល្លារអាមេរិក ដែលបានមកពីការបរិច្ចាគនានាជូនមន្ទីរពេទ្យគន្ធបុប្ផាក្នុងរយៈពេល១១ខែឆ្នាំនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖


មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាមន្ត្រីមូលនិធិគន្ធបុប្ផាកម្ពុជាផង បានអោយដឹងថា ក្នុងរយៈពេល ១១ខែក្នុងឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជាពិតជាមានមោទនភាពដោយបានប្រគល់ថវិកាជាង១០លានដុល្លារអាមេរិក ដែលបានមកពីការបរិច្ចាគនានា ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមធានាឨ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យនេះ ក៏ដូចជាការបន្តនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ លោក បន្តថា ថវិកាចំនួន 10,892,404 ដុល្លារអាមេរិកនេះ គិតរួមទាំងថវិកាចំនួន 836,138 ដុល្លារអាមេរិក ដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជាបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាកាលពីពេលថ្មីៗនេះ ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ក្នុងការចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។