គម្រោងបែងចែកដីដើម្បីសង្គមកិច្ចបានជួយអភិវឌ្ឍន៍សេដ្ឋកិច្ចប្រជាពលរដ្ឋ នៅស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ១១ ២០១៩៖

គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ជំហានទី២ បានជួយអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពប្រជាពលរដ្ឋនៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំឲ្យមានការរីកចំរើនគួរអោយកត់សម្គាល់ តាមរយៈការផ្តល់ដីធ្វើផ្ទះសំបែងនិងដីធ្វើកសិកម្មអាចរស់នៅ និងប្រកបរមុខរបររកស៊ីបានយ៉ាងសមរម្យ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចជំហានទី២ ហៅកាត់ថា (LASED II) នេះ បានជួយឲ្យសម្បទាននិកមានដីសម្រាប់រស់នៅ និង ដាំដុះបង្ករបង្កើនផលនិង ទុកជាកេរ្ដិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយថែមទៀតផង ។

ឯកឧត្តមបានបន្តថា គម្រោងនេះបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ សាលារៀន ប៉ុស្ដិ៍សុខភាព អគារសហគមន៍ ផ្សារសហគមន៍ អគារស្នាក់នៅសម្រាប់គ្រូបង្រៀន អណ្តូងទឹក ស្រះទឹក និងប្រព័ន្ធស្រោចស្រព។

ឯកឧត្តមបញ្ជាក់ថា ដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ ដែលចែកជូនបងប្អូនគឺជាដីរបស់រដ្ឋផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីក្លាយជាកម្មសិទ្ធិស្របច្បាប់ ដូច្នេះសូមបងប្អូនដែលទទួលបានដីនេះ កុំមានការភ័យខ្លាចឲ្យសោះ ត្រូវចូលទៅអាស្រ័យផល ត្រូវខិតខំបង្ករបង្កើនផល ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារឲ្យកាន់តែរីកចំរើន។

សូមបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២នេះ គឺបានប្រព្រឹត្តទៅ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ៕