កាសែតកងទ័ពប្រជាជនវៀតណាមចង់ពង្រីកកិច្ចសហការផ្លាស់ប្តូរព័ត៌មាន ជាមួយស្ថាប័នសារព័ត៌មាននៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ហុក សុខរិន ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩៖

កាសែតកងទ័ពប្រជាជនវៀតណាមចង់ពង្រីកកិច្ចសហការផ្លាស់ប្តូរព័ត៌មាន ជាមួយស្ថាប័នសារព័ត៌មាននៅកម្ពុជា ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មានពីកម្ពុជាឲ្យកាន់តែ ទូលំលាយនៅក្នុងប្រទេសវៀតណាម។
ក្នុងជំនួបទទួលស្វាគមន៍ក្រុមគណៈប្រតិភូមន្រ្តីព័ត៌មាននៃក្រសួងព័ត៌មានដែលដឹកនាំដោយឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន កាលពីពេលថ្មីៗនេះនៅទីក្រុងហាណូយប្រទេសវៀតណាម លោកឧត្តមសេនីយ៍ត្រី ផាម វាន់ហុន ( Pham Van Huan ) អគ្គនិយកពន្ធនាយកនៃកាសែតកងទ័ពនិងប្រជាជនវៀតណាមបានឲ្យដឹងថា គម្រោងចង់ពង្រីក កិច្ចសហការជាមួយស្ថាប័នសារព័ត៌មានកម្ពុជានេះ ដោយសារតែការសែតកងទ័ពប្រជាជន វៀតណាមចង់បានប្រភពព័ត៌មានថ្មីៗពីកម្ពុជា ខណៈដែលកាសែតនេះមានចេញផ្សាយជា ភាសាខ្មែរនៅក្នុងប្រទេសវៀតណាមទំាងកាសែតបោះពុម្ភ និងកាសែតអេឡិចត្រូនិច។
លោកឧត្តមសេនីយ៍ត្រីបានអៈអាងថា ការសែតកងទ័ពនិងប្រជាជនវៀតណាមមានប្រជាប្រិយ ភាពខ្លាំងនៅក្នុងប្រទេសវៀតណាម ដោយបានបង្កើនការបោះពុម្ភផ្សាយកើនឡើងជារៀង រាល់ឆ្នាំ បើទោះបីមានបញ្ហាការរីកចំរើនផ្នែកព័ត៌មានអេត្រូនិចក៏ដោយ ដូច្នេះគម្រោងកិច្ចសហ ប្រតិបត្តិការនេះនឹងធ្វើឲ្យប្រជាជនវៀតណាមកាន់តែបានដឹងពីព័ត៌មាននិងព្រឹតិ្តការណ៍នានានៅកម្ពុជា ពិសេសតំបន់ទេសចរណ៍ និងវប្បធម៌ជាដើម។
ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជានិងវៀតណាមកន្លងមកនេះបានផ្តល់ផែ្លផ្កាជាច្រើនដល់ប្រទេសទំាង២ដែលជំរុញការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ក្នុងគោលដៅជំរុញការពូនជ្រុំ ទំនាក់ទំនងចំណងមិត្តភាពជាប្រពៃណីឲ្យកាន់តែស្អិតល្មួតរវាងប្រទេសទំាង២ដែលមានភូមិផង របងជាមួយគ្នា។ ឯកឧត្តមបានបញ្ជាក់ថា ការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកគឺមានសារៈ សំខាន់ណាស់ដើម្បីឲ្យប្រជាជននៃប្រទេសទំាង២បានស្វែងយល់គ្នាទៅវិញទៅមក ពិសេសការ ធ្វើទេសចរណ៍នៅក្នុងប្រទសទំាង២ឲ្យបានកាន់តែច្រើនផងដែរ។
សូមបញ្ជាក់ថា នៅក្នុងជំនួបសម្តែងការគួសមរវាងប្រតិភូក្រសួងព័ត៌មានកម្ពុជា ជាមួយនឹងថ្នាក់ ដឹកនាំកាសែតកងទ័ពប្រជាជនវៀតណាមនេះ ភាគីទំាង២កបានផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមកលើការគ្រប់គ្រងព័ត៌មាននិងបន្សាបព័ត៌មានក្លែងក្លាយឲ្យកាន់តែបានលឿនឆាប់ រហ័ស ដើម្បីកុំអោយព័ត៌មាននោះបំពុលក្នុងសង្គម៕