រដ្ឋបាលខេត្តប៉ៃលិនប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកលើកទី១៤

វិទ្យុជាតិកម្ពុជា៖ ញ៉ឹប បូរី ប៉ៃលិន

ប៉ៃលិន៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តប៉ៃលិន បានប្រារព្ធ​ទិវាអន្តរជាតិ​រំលឹកដល់ជនរងគ្រោះ ដោយគ្រោះ​ថ្នាក់ចរាចណ៍ផ្លូវគោកលើកទី១៤ ក្រោមអធិបតី​ភាព​ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញ​ចូលរួមពីសំ​ណាក់​ ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោក- លោកស្រី​អភិបាល​​ក្រុង/ស្រុក ប្រធាន-អនុប្រធានមន្ទីរ សមាជិកក្រុមប្រឹក្សាក្រុងស្រុក ឃុំ /សង្កាត់ និងកងកំលាំងគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក. យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករផងដែរ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍​ថា៖ ការ​ប្រារព្ធទិវា​អន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះ​ថ្នាក់ចរាចណ៍​ផ្លូវគោក​លើក​ទី​១៤ នាពេល​នេះ​ ក្នុងគោលបំណងបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុក​ដាក់​​គិតគូ​សុខទុក្ខ​របស់ប្រជាពលរដ្ធ ​និងចូលរួមយ៉ាងសកម្ម​ជាមួយចលនាពិភព​លោក​តាំងពី​ឆ្នាំ​២០០៦ ដោយបានប្រគល់ភារកិច្ចជូន​គណៈកម្មាធិការជាតិសុវត្ថិ​ភាពចរាចរណ៍​ផ្លូវគោក​ប្រារព្ធ​ទិវានេះជារៀងរាល់ឆ្នាំនៅតាមទីតាំងដែលមានគ្រោះថ្នាក់ញឹកញាប់ បណ្តាល​អោយ​ស្លាប់ និងរបួសច្រើន នៅឆ្នាំ២០១៩នេះសម្រេចប្រារព្ធ​ពិធីលើក​ទី១៤​នៅទូទាំង​ប្រ​ទេស។ ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ទិវានេះ​មិនត្រឹមតែចូលរួមរំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចណ៍ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងបានពញ្ញាក់ស្មារតី​ប្រជាពលរដ្ឋគ្រប់​រូបអោយ​យល់ដឹងអំពីហានិភ័យនៃ​គ្រោះ​ថ្នាក់ចរាចណ៍ ដែលបណ្តាលមកពីកា​របើកបរទ្វេស​ប្រហែស មិនគោរពច្បាប់ ដូចជា៖ បើកបរ​ហួសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព ការបត់ឬជែងទាំងប្រថុយប្រថាន បើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ដឹក​លើសទម្ញន់កំណត់ មិនពាក់មួយសុវត្ថិ​ភាពឫការមិនពាក់​ខ្សែក្រវ៉ាត់សុវត្ថិ​ភាពជា​ដើម។ ដូច្នេះអង្គភាពស្ថាប័ន នានា ត្រូវជំរុញបំផុស​ដល់ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស  គ្រប់មជ្ឈដ្ឋានជាតិ និង​អន្តរជាតិ ត្រូចូលរួមទប់ស្កាត់ កាត់​បន្ថយ​គ្រោះ​ថ្នាក់ចរាចរណ៍​អោយនៅកម្រិត​ទាបតាម​បំណង​ប្រាថ្នារបស់រាជរដ្ឋា​ភិបាល និង​អង្គការសហប្រជាជាតិ ដែលបានកំណត់​យកថ្ងៃ​អាទិត្យសប្តាហ៍ទី៣ នៃខែវិច្ឆិការជា​រៀងរាល់ឆ្នាំសម្រាប់ពិពភលោកទំាងមូល​ចូលរួមរំលែក​ទុក្ខលំបាកនៃគ្រួសា សាច់ញាតិ​របស់​ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចណ៍ និងដាស់​តឿនដល់មនុស្ស​ជាតិ​អោយខិតខំបញ្ចៀសនូវបញ្ហា​ដ៍សោកសៅនេះ។ នៅក្នុងឱកាសនោះ​ផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរ​តាមផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍អោយបានម៉ឺងម៉ាត់ដើម្បីរួម ចំ​ណែកទប់​ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យចុះមកកម្រិតទាបបំផុត ជាពិ​សេស​ចូលរួម​អនុវត្តន៍ឱ្យបាននូវអនុសាសន៍របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ«ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មានគ្រោះថ្នាក់ចរាចណ៍» ព្រមទាំងអនុវត្តវិធានការទាំង៨ចំណុច ដោយផ្តោតសំខាន់​ទៅ​លើពាក្យស្លោក «មួកសុវត្ថិភាពមួយ ការពារជីវិតម្នាក់» និង «បើពិសាគ្រឿងស្រវឹង កុំបើកបរ បើបើកបរ កុំពិសារគ្រឿងស្រវឹង»។

លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារ និងដឹកជញ្ជូន​ខេត្ត​បានឱ្យដឹងថា៖ ខេត្តប៉ៃលិនគិតត្រឹម០៩ខែដើមឆ្នាំ ២០១៩ មានគ្រោះថ្នាក់​ចរាចណ៍ រួមមានដូចជា៖ ករណីកើតឡើងសរុបចំនួន ៣៥លើក មានមនុស្សរងរបួសធ្ងន់​ចំនួន ៣៦នាក់ ស្រី០៧នាក់ មនុស្សរងរបួសស្រាលចំនួន ២៤នាក់ ស្រី ០៥នាក់ និងមនុស្ស​ស្លាប់ ១៥នាក់ ស្រី ០២នាក់ សរុបរងរបួសធ្ញន់-ស្រាលទាំងអស់ ៦០នាក់ ស្រី១២នាក់ ព្រមទាំង​ខូចខាតម៉ូតូចំនួន ៣៩គ្រឿង ខូចខាតរថយន្តធន់ធ្ញន់ និងស្រាលចំនួន ១៩គ្រឿង។​ដោយឡែកបានត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស សរុបចំនួន ១៥១៨​គ្រឿង យានយន្តមានឯកសារគ្រប់គ្រាន់ចំនួន ១១៨១គ្រឿង និងមិនមានឯកសារគ្រប់​គ្រាន់ចំនួន ៣៣៧គ្រឿង ព្រមទាំងបានចែកពួកសុវត្ថិភាព ចំនួន ២៩០មួក ផងដែរ៕