អភិបាលខេត្តប៉ៃលិនវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ដែលបានពិនិត្យព្យាបាលសុខភាពមាត់-ធ្មេញជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

វិទ្យយជាតិកម្ពយជា៖ញ៉ឹប បូរី ប៉ៃលិន  មន្ទីរព័ត៌មានខេត្តប៉ៃលិន

ប៉ៃលិន៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្នែកមាត់ធ្មេញប្រទេសកូរ៉េ ដែលសហការជាមួយ ក្រុមយុវជនកម្ពុជា ក១៥៧ និងមន្ទីរពេទ្យបង្អែកខេត្ត បានធ្វើការពិនិត្យ និងព្យាបាលសុខភាពមាត់ធ្មេញ ជូនដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសសើរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្នែកមាត់ធ្មេញប្រទេសកូរ៉េ ព្រមទាំងក្រុមចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តប៉ៃលិន ដែលបានចំណាយទាំងពេលវេលា និងសម្ភារៈ ថវិកា ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា៖ បច្ចុប្បន្ននេះនៅខេត្តប៉ៃលិនមានការខ្វះខាតនៅផ្នែកបច្ចេកទេសវិទ្យាសាស្រ្តមាត់-ធ្មេញ ព្រមទាំងសម្ភារៈមិនទាន់ទំនើបសំបូរបែបនៅឡើយ ដូច្នេះនៅពេលនេះបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្នែកមាត់-ធ្មេញប្រទេសកូរ៉េ ជួយធ្វើការព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ គឺជាការជួយសម្រួលនូវបន្ទុកសេវារបស់មន្ទីរពេទ្យបង្អែកខេត្ត និងបន្ទុកសេវ៉ាចំណាយរបស់ប្រជាពលរដ្ឋបានមួយកម្រិត។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានស្នើដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្នែកមាត់-ធ្មេញប្រទេសកូរ៉េ បន្តជួយសហការ ពិនិត្យ និងព្យាបាល បញ្ហាសុខភាពមាត់-ធ្មេញជូនដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន ដោយឥតគិតថ្លៃ លើកៗក្រោយទៀត ដើម្បីចូលរួមលើកកំពស់សុខមាលភាពសង្គម និងវិស័យសុខាភិបាលក្នុងខេត្តប៉ៃលិន។

សូមបញ្ជាក់ថា៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្នែកមាត់ធ្មេញប្រទេសកូរ៉េ បានធ្វើការពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋខេត្តប៉ៃលិន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺបានសរុប ចំនួន ៣៣៤នាក់ ស្រីចំនួន ១៧០នាក់ ក្នុងនោះព្យាបាលមាត់ធ្មេញ ចំនួន ១៤៧នាក់ ដកធ្មេញ ចំនួន ១៣០នាក់ និងសំអាតធ្មេញ ចំនួន ៥៧នាក់៕