លោកជំទាវ ទេព រង្សី ខៀវ កាញារីទ្ធ ដឹកនាំ​ស​មាជិក សមាគមនារី ក្រសួងព័ត៍មាន​​គោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

​វិទ្យុ​ជាតិ​កម្ពុជា​៖​ លោក​ អាត​ ចន្ធូ​
ភ្នំពេញ៖​ លោកជំទាវ ទេព រង្សី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារី នៅរសៀល​ថ្ងៃទី​ ២៣​ ខែវិច្ឆិកា​នេះ​ បានដឹកនាំ​ស​មាជិក សមាគមនារី ក្រសួងព័ត៍មាន​ចូលគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី​ ដើម្បីបង្ហាញពីការថ្វាយព្រះអាល័យ និងតបស្នងនូវគុណបំណាច់ចំពោះព្រះអង្គដែលកាលនៅមានព្រះជន្មបានខិតខំប្រឹងប្រែងថែរក្សាសិល្បៈបុរាណខ្មែរ។

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសោយទិវង្គតនាវេលាម៉ោង ១២:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ ៧៦ព្រះវស្សា ដោយជរាពាធ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ នឹងបានយាងមកធ្វើបុណ្យតាមប្រពៃណីនៅវត្តបទុមវតី ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា។

កាលពីនៅព្រះជន្ម សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ បានសាងគុណបំណាច់យ៉ាងធំធេងចំពោះជាតិ ជាពិសេសផ្នែកសិល្បៈ វប្បធម៌ អរិយធម៌ រហូតទទួលបានព្រះគោរមងារថា «ទេពនាថវដ្តីឯក» ជាតួអង្គឯករបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិ ថ្កើងថ្កាន ល្បីល្បាញ រន្ទឺទូទាំងសកលលោក៕