ក្រសួងបរិស្ថាននឹងប្រារព្ធទិវាអនាម័យបរិស្ថានជាតិនៅខេត្តរតនគិរី ថ្ងៃ២៣ វិច្ឆិកាស្អែកនេះ

វិទ្យុជាតិកម្ពុជា ស៊ឹង សុផារី

ភ្នំពេញ៖ ក្រសួងបរិស្ថាននឹងប្រារព្ធទិវាអនាម័យបរិស្ថានជាតិនៅខេត្តរតនគិរី ថ្ងៃ២៣ វិច្ឆិកាស្អែកនេះ ដើម្បីបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ ឱ្យចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសំអាតអនាម័យបរិស្ថាននៅកម្ពុជា ។

ទិវាអនាម័យបរិស្ថានជាតិ ដែលក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តរតនគិរី នេះ ធ្វើឡើងក្រោមប្រធានបទ « ភូមិស្អាត សុខភាពល្អ » ចាប់ពីម៉ោង០៧:៣០-១០:៣០នាទីព្រឹក នៅបរិវេណរង្វង់មូលក្រុងបានលុង ខេត្តរតនគិរី ។

តាមសេចក្តីព័ត៌មានបានឲ្យដឹងថា ទិវាអនាម័យបរិស្ថានជាតិនេះ នឹងក្លាយជាចលករមួយជំរុញឱ្យមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថាន ចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវរៀបចំទុកដាក់កាកសំណល់ ដោយមិនចោលពាសវាលពាសកាល តាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពបរិស្ថាន ជំរុញការចូលរួមពីសាធារណជនក្នុងការកាត់បន្ថយ និងការបំពុលដោយប្លាស្ទិក សំដៅធានាដល់កិច្ចគាំពារបរិស្ថាននៅកម្ពុជា។

ក្រសួងបរិស្ថាន អំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សាធារណជន ក៏ដូចស្ថាប័នពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ ឱ្យបានច្រើនកុះករ៕